ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាខប (Naga Corp) បានប្រកាសថា ខ្លួនបានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ៣០ ខែមិថុនារួចហើយ ដោយក្រសួងយល់ព្រមឱ្យNaga បើកអាជីវកម្មទទួលអ្នកលេងល្បែង VIP និង បើកអាជីវកម្មល្បែងតាមស្លត់ម៉ាស៊ីនឡើងវិញនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
បើតាមក្រុមហ៊ុនណាហ្គាខប ក្រុមការងារក្រសួងសុខាភិបាលកម្ពុជាក៏បានទៅពិនិត្យកាស៊ីណូណាហ្គាវើលដ៍(Naga World)នៅថ្ងៃទី ៤ ខែកក្កដា កាស៊ីណូមួយនេះយល់ព្រមគោរពតាមវិធានការបង្ការការរីករាលដាលរបស់អាជ្ញាធរ ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៣ កក្កដានេះ បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។