Yearendyearend1140x150
Img 0571

ភ្ញៀវទេសចរជាង៤០ម៉ឺននាក់បានចូលរួមពិធីបុណ្យទន្លេអំឡុងពេលចាប់ផ្ដើម២ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងទេសចរណ៍

កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣។ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ មីនា ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា ចំនួនប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់។

ទន្ទឹមនិងនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។

រូបភាព៖ ក្រសួងទេសចរណ៍

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់អោយអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍

គួរបញ្ជាក់ថា ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ក៏មានកីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង៕

រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បុណ្យទន្លេ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង