ភ្នំពេញ៖ ពិព័រណ៍ដ៏ធំបំផុតនៅលើពិភពលោករបស់ Big Bad Wolf (BBW) កំពុងប្រព្រឹត្តទៅនៅផ្សារទំនើបអូឡាំព្យា ចាប់ពីថ្ងៃទី២២ កុម្ភៈ រហូតដល់ថ្ងៃទី១២ មីនា វេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១២យប់។ ពិព័រណ៍សៀវភៅដ៏ធំនេះ រៀបចំក្នុងគោលបំណងសាងវប្បធម៌នៃការអាន បង្កើនអក្ខរកម្មភាសាអង់គ្លេសទូទាំងពិភពលោក និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញគ្រប់ប្រភេទសៀវភៅទាំងអស់នៅក្នុងតម្លៃដែលសមរម្យ និងមានគុណភាពខ្ពស់។ ក្រៅពីសៀវភៅបរទេស នៅក្នុងពិព័រណ៍នេះក៏មានការដាក់តាំងនូវសៀវភៅជាភាសាខ្មែរផងដែរ។
បើតាមប្រសាសន៍របស់លោក Andrew Yap សហស្ថាបនិក Big Bad Wolf បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែល Big Bad Wolf បានរៀបចំពិព័រណ៍សៀវភៅនៅប្រទេសកម្ពុជា ដែលលើកទី១បានរៀបចំនៅក្នុងឆ្នាំ២០២០ និងលើកទី២ នៅក្នុងឆ្នាំ២០២៣ នេះ។ លោកបានបន្ដថា ការតាំងពិព័រណ៍លើកទី១ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសសៀវភៅសម្រាប់កុមារទទួលបានការគាំទ្រច្រើនបំផុត ហើយសម្រាប់លើកទី២នេះ លោករំពឹងថា នឹងទទួលបានជោគជ័យដូចលើកទី១ដែរ។
សៀវភៅដែលកំពុងដាក់តាំងនៅក្នុងពិព័រណ៍មានដូចជាសៀវភៅសម្រាប់កុមារ រឿងប្រឌិត និងរឿងពិត ដែលមនុស្សនៅក្នុងគ្រប់វ័យទាំងអស់អាចស្វែងរកនូវសៀវភៅដែលលក់ដាច់បំផុត សៀវភៅល្បីៗ ប្រលោមលោក ប្រលោមលោកក្រាហ្វិក រឿងប្រឌិតបែបវិទ្យាសាស្ដ្រ មនោសញ្ចេតនា សៀវភៅអភិវឌ្ឍខ្លួន អក្សរសាស្រ្ដ អាជីវកម្ម ស្ថាបត្យកម្មនិងរចនា សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត។ ក្រៅពីសៀវភៅភាសាបរទេស នៅក្នុងពិព័រណ៍នេះ ក៏មានសៀវភៅជាភាសាខ្មែរ ដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកផងដែរ។
លោក Andrew បានបន្ដថា ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាលើកទី២នេះ ក៏បានធ្វើការបរិច្ចាកសៀវភៅចំនួន៣០០ក្បាលទៅកាន់បណ្ណាល័យកំពង់ត្របែក ដែលស្ថិតនៅក្នុងខេត្តព្រៃវែងផងដែរ។ បន្ថែមពីនេះ តាមរយៈសកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ២០២៣នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអោយអ្នកចូលរួមជួយឧបត្ថម្ភសៀវភៅនៅ Red Readerhood ក្បែរបញ្ជរគិតប្រាក់នៃពិព័រណ៍សៀវភៅ។
គួរបញ្ជាក់ថា Big Bad Wolf ត្រូវបានបង្កើតឡើង និងបានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុត នៅក្នុងឆ្នាំ២០០៩ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ Big Bad Wolf បង្កើតឡើងក្នុងគោលបំណងបណ្ដុះទម្លាប់អាន បង្កើនអក្ខរកម្មភាសាអង់គ្លេសទូទាំងពិភពលោក និងកសាងអ្នកអានជំនាន់ថ្មី និងធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យ។ រហូតមកដល់បច្ចុប្បន្ន Big Bad Wolf បានរៀបចំពិព័រណ៍របស់ខ្លួននៅក្នុងទីក្រុងចំនួន៣៧ ក្នុងប្រទេសចំនួន១៥ រួមទាំងប្រទេសម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហបុរី ថៃ និងប្រទេសមួយចំនួនទៀត៕