ភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងឆ្នាំ២០២៣នេះ កំពុងបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារីនៅតាមសាលាគ្រឹះស្ថានសិក្សាសាធារណ:ចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន៥០ក្រុម ប្រមាណជា៣០០នាក់ ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព។
កម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព ដែលមានឈ្មោះថា Technovation បាននឹងកំពុងអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន៥០ក្រុម ប្រមាណជា៣០០នាក់ បានចូលរួមក្លឹបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣ កំពុងទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ នៅតាមក្លឹបគ្រឹះស្ថានសិក្សាសាធារណៈនិមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានា ក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព។
កម្មវិធីសិក្សា Technovation កម្ពុជា ផ្ដោតការសិក្សាទៅលើការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ SDG 12 និង SDG 13, ការរៀបចំពុម្ពគំរូកម្មវិធីទូរសព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ, ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរសព្ទដៃដែលនឹងត្រូវបង្កើតឡើង និង ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរសព្ទដៃ។
កម្មវិធីនេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្ត ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម៕