ភ្នំពេញ៖អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានធ្វើជាប្រធានអង្គប្រជុំពិភាក្សា ស្តីពី “វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់កំឡុងពេលនៃ ការរាតត្បាតជម្ងឺកូវីឌ-១៩ លើវិស័យឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងទទួលយក និង ប្រមូលនូវ វឌ្ឍនភាពស្ថានភាពធាតុចូល ក្នុងកំឡុងពេលនៃការរាតត្បាតរបស់កូវីដ១៩មកលើវិស័យឯកជន និង កំពុងបន្តផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យ។
ក្នុងកិច្ចប្រជុំនោះសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានព្រមព្រៀងគ្នាដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យបើកដំណើរការឡើងវិញនូវសាលារៀនឯកជនទាំងអស់ រួមទាំងក្លឹបហាត់ប្រាណទៅតាមស្តង់ដារសុវត្តិភាពរបស់ក្រសួងសុខាភិបាលក្នុងខែសីហា ឬខែកញ្ញាខាងមុខនេះ។
ក្រៅពីសំណើរនេះនៅមានសំណើរជាច្រើនទៀតដែលសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាស្នើសុំក្នុងនោះមានជាអាទិ៍៖ស្នើឱ្យដំណើរការឡើងវិញកន្លែងកម្បាន្ត ការយកទំនិញតាំងពិពណ៌ពីក្រៅប្រទេសមានកំណត់ចំនួយសមរម្យ ,ស្នើឱ្យសម្របសម្រួលការប្រើប្រាស់សេវាប្រាក់តម្ពល់៣០០០ដុល្លាតាមប្រព័ន្ធធនាគារ ស្នើឱ្យមានការបើកច្រកព្រំដែនវៀតណាមឡើងវិញជាដើម។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសន្យាថានឹងនាំយកសំណើរទាំងអស់នេះទៅជូនថ្នាក់ដឹកនាំដើម្បីដោះស្រាយ ហើយស្នើឱ្យសមាជិកទាំងអស់កុំបារម្ភពីបញ្ហាEBA ដោយត្រូវជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា៕