Cctimesw1140xh150cm copy

លោក ឃុន ស៊ីវ ច្នៃ«សំរាមប្លាសិ្ទក»ឱ្យទៅជាប្រេងម៉ាស៊ូតដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ប្រេងម៉ាស៊ូតដែលបានកែច្នៃពីសំរាមប្លាស្ទិកហើ់យអាចប្រើប្រាស់បាន

ត្បូងឃ្មុំ៖លោក ឃុន ស៊ីវ ជាប្រធានផ្នែកបច្ចេកទេសនៃការច្នៃសំរាមប្លាសិ្ទកដើម្បីធ្វើជាប្រេងម៉ាស៊ូត។ លោកជាអតីតជាងសំណងម្នាក់ និងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩។លោក ឃុន ស៊ីវ បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ការកែច្នៃនេះ មិនមែនលោកជាអ្នករកឃើញវិធីកែច្នៃនោះទេ តែលោកធ្វើការកែច្នៃនេះតាមរយៈការសិក្សាស្រាវជ្រាវតាមឯកសារផ្សេងៗ និងវិធីណែនាំរបស់អ្នកឯកទេសផ្នែកកែច្នៃសំរាមប្លាស្ទិកទៅជាប្រេងម៉ាស៊ូតតាមវិធីជាច្រើនរបស់បរទេសដូចជា វីដេអូតាមយូធូបជាដើម។ ការកែច្នៃសំរាមប្លាស្ទិកនេះ លោកមានគំនិតចាប់ផ្តើមកែច្នៃឡើង គឺដើម្បីរួមចំណែកកាត់បន្ថយសំរាមប្លាស្ទិកក្នុងសហគមន៍ដោយច្នៃធ្វើជាប្រយោជន៍ដល់សង្គម ក៏ដូចជា ពន្យល់ណែនាំប្រជាពលរដ្ឋ ក្មេងៗ ឱ្យចេះស្រលាញ់បរិស្ថានចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។          

លោក ឃុន ស៊ីវ (លំដាប់ទី​៣ ខាងស្តាំ) បង្ហាញ​ប្រេង​ម៉ាស៊ូត​ច្នៃ​ពី​សំរាម​ប្លាស្ទិក​ក្នុង​វេទិកាជាតិអេកូទេសចរណ៍លើកទី ១ ឆ្នាំ ២០១៩។ រូបថត OBT
លោក ឃុន ស៊ីវ ប្រធានផ្នែកបច្ចេកទេសនៃការច្នៃសំរាមប្លាសិ្ទកដើម្បីធ្វើជាប្រេងម៉ាស៊ូត។
លោក ឃុន ស៊ីវ ប្រធានផ្នែកបច្ចេកទេសនៃការច្នៃសំរាមប្លាសិ្ទកដើម្បីធ្វើជាប្រេងម៉ាស៊ូត។

ក្នុងវ័យ៤២ ឆ្នាំលោក ឃុន ស៊ីវ មានស្រុកកំណើតនៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។លោកបានថ្លែងថា ពីដើមមកមិនទាន់ចូលបម្រើការងារនៅអង្គការ (OBT) លោកធ្លាប់ធ្វើការផ្នែកម៉ៅការសំណង់ រហូតដល់ក្លាយជាអ្នកកាន់គម្រោងស្រាវជ្រាវ និងផ្នែកបច្ចេកទេសគម្រោងអភិវឌ្ឍសហគមន៍ និងចុងក្រោយបានក្លាយជានាយករងនៃអង្គការ (OBT) នៅក្នុងសហគមន៍ជីរោទិ៍ ស្ថិតនៅទីតាំងក្នុងភូមិជីរោទិ៍ក្រោម២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក ឃុន​ ស៊ីវ រូបទី១ខាងស្ដាំ 

ក្នុងនាមជាអ្នកស្រាវជ្រាវលោក ឃុន ស៊ីវ បានបែងចែកប្លាស្ទិកជាច្រើនប្រភេទក្នុងចន្លោះពី ៥០-៧០ប្រភេទ។តែជារួមមានចំនួន ០៧ប្រភេទដែលផ្ដល់ផលប៉ះពាល់ដល់បរិស្ថានខ្លាំង។ប្រភេទប្លាស្ទិកមានលេខកាត់១ (PET) ដូចជាដបទឹកសុទ្ធ ដបប្រេងឆា ហើយក៏មានជាថង់ប្លាស្ទិកផងដែរ។ប្រភេទលេខ២ (HDPE) មានដូចជាដបឡេ ដបសាប៊ូដុសខ្លួន ហើយក៏មានជាថង់ផងដែរហើយយកមកធ្វើប្រេងបានល្អណាស់។ប្រភេទលេខ៣ (PVC) មិនអាចយកមកកែច្នៃជាប្រេងម៉ាស៊ូតបានឡើយមានដូចជា បំពង់ទុយោទឹក ស្រោមស្រោបខ្សែភ្លើង។ប្រភេទលេខ៤ (LDPE) ភាគច្រើនថង់ប្លាស្ទិកយួរដៃ បរិមាណប្រេងលំដាប់លេខ ២ ។ ប្រភេទលេខកាត់៥ PP កម្រិតបរិមាណប្រេងលេខ១។ ប្រភេទលេខកាត់ ៦ (PS) អាចកែច្នៃជាប្រេង ដូចជា ស្នោរខ្ចប់បាយ និងម្ហូបអាហារ ប្រភេទស្នោរផ្សេងៗ។ ចុងក្រោយប្លាស្ទិកប្រភេទលេខ៧ (Other) មានដូចជា កញ្ចប់នំក្មេងៗ ហ្វូមលាងមុខ។ លោកបន្ថែមថា ហើយមាន ០៤ប្រភេទនៃប្លាស្ទិកដែលអាចយកមកកែច្នៃជាប្រេងម៉ាស៊ូតបាន គឺលេខកាត់២ (HDPE) ៤ (LDPE) ៥ (PP) ជាប្រេងល្អលំដាប់លេខ១ និង ប្រភេទប្លាស្ទិកលេខកាត់៦ (PS) ប្រេងល្អលំដាប់ទី២។

ប្រភេទប្លាស្ទិកដែលមានលេខកាត់ និងអក្សរកាត់(ប្រភព៖Google)
ការរៀបរាប់ពីប្រភេទប្លាស្ទិកដែលមានលេខកាត់ និងអក្សរកាត់ (ប្រភព៖Google)

លោកបានបញ្ជាក់ថា ០៣ដំណាក់កាលធំៗនៃការកែច្នៃសំរាមប្លាស្ទិកទៅជាប្រេងម៉ាស៊ូតរបស់លោក គឺ ដំណាក់កាលដំបូង គឺដំណាក់កាលបំបែកធាតុ បន្ទាប់មកដំណាក់កាលទីពីរ គឺដំណាក់កាលចម្រាញ់ និងដំណាក់កាលចុងក្រោយ គឺដំណាក់កាលបន្សុទ្ធ។ កំឡុងពេល ០១ខែដំបូង ក្នុងខែសីហា ឆ្នាំ ២០១៨ លោកព្យាយាមខិតខំ ស្រាវជ្រាវ ពិសោធន៍ នូវការកែច្នៃនេះ ពីម៉ោង៧ ដល់ម៉ោង ១១យប់ ហើយជួនកាលមិនមានពេលគ្រប់គ្រាន់ឱ្យគ្រួសារ ហើយអាចឈានដល់ឥតបាយ ឥតទឹកទៀត ព្រោះត្រូវតែតាំងចិត្តថា ធ្វើឱ្យបាននូវលទ្ធផលដែលខ្លួនបានរំពឹងទុក។ ទីបំផុត វាបានចេញរូបរាងមែន ហើយវាកើតចេញពីការខិតខំប្រឹងប្រែង មិនបោះបង់ មិនខ្លាចនឿយហត់ គឺដឹងតែម្យ៉ាងចង់ឱ្យមាននៅកម្ពុជា នៅតំបន់ដែលអាចកែច្នៃបាន ដូចប្រទេសដទៃទៀតដែរ។

អ្នកកែច្នៃសំរាមប្លាស្ទិកដ៏ឆ្នើមរូបនេះ និយាយថា ក្នុងមួយថ្ងៃសំរាមប្លាស្ទិក ៣០គីឡូក្រាមដែលលោកយកមកចម្រាញ់បានប្រេងបាន ១៩គីឡូក្រោម ប្រេងមានពណ៌មិនទាន់បន្សុទ្ធ(ហៅថា ប្រេងឆៅ) និងចុងក្រោយបន្ទាប់ពីបន្សុទ្ធរួចរាល់នៅត្រឹមតែ ១៣-១៥គីឡូក្រោម។ ការកែច្នៃក្លាយជាប្រេងម៉ាស៊ូតនេះមិនមែនថាមិនប៉ះពាល់អ្វីទេ គឺចៀសមិនផុតឡើយ។ លោកត្រូវប្រឈមនឹងហានិភ័យផ្សេងនៃការដុតចម្រាញ់ ហើយប្រឈមខ្លាំងមែនទែនគ្រប់ម៉ាតួខ្លួនតែម្ដង ត្រូវត្រឹមផ្លូវដង្ហើមតែប៉ុណ្ណោះទេ។


សំរាមប្លាស្ទិកដែលបានប្រមូលបានដើម្បីកែច្នៃជាប្រេងម៉ាស៊ូត (រូបភាព៖ អង្គការអូប៊ីធី OBT)


សកម្មភាពក្នុងការចម្រាញ់កែច្នៃសំរាមប្លាស្ទិកទៅជាប្រេងម៉ាស៊ូត
ដំណាក់ប្រេងម៉ាស៊ូតដែលត្រូវបន្សុទ្ធយកជាតិអាស៊ីត ជាតិដែលបង្កឱ្យមានពណ៌ក្រម៉ៅចេញ (រូបភាព៖ អង្គការអូប៊ីធី OBT)


តែយ៉ាងនេះក៏ពិតមែន លោក ស៊ីវ នៅតែបេ្តជ្ញាចិត្តត្រូវតែធ្វើឱ្យបាន ខិតខំស្វែងរកវិធីសាស្រ្តយ៉ាងណាឱ្យមានប្រយោជន៍ ព្រោះតែឃើញសំរាមប្លាស្ទិកជាច្រើនដែលប្រជាជន ក៏ដូចរូបលោក និងគ្រួសារលោកផ្ទាល់បានប្រើប្រាស់ហើយមិនដឹងយកទៅណាក្រៅពីយកទៅចោលនៅគំនរសំរាម ឬក៏ដុតចោលក្នុងវាលគំនរសំរាម ក្នុងគោលបំណងដើម្បីកាត់បន្ថយសំរាមប្លាស្ទិកទាំងដោយកែច្នៃដោយដុតដូចគ្នា តែមានលទ្ធផលបានជាប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ជូនប្រជាជនក្នុងស្រុក និងសហគមន៍។

យោងតាមឯកសារបញ្ជាក់ដែលលោក ឃុន ស៊ីវ បានប្រាប់ថា បើសិនយើងដុតប្លាស្ទិក ០១គីឡូក្រាម វាបញ្ចេញឧស្ម័នកាបូនិច (CO2) បីដងស្មើនឹង ០៣គីឡូក្រាមនៃសំរាមដែលបានដុត។ ជាឧទាហរណ៍ដូចជា នៅពេលប្រជាជនយើង និយមដុតសំរាមនៅតាមបរិវេណនៅគេហដ្ឋាន ឬតាមបណ្ដាកន្លែងនានា ដែលសុទ្ធតែបង្កនូវគ្រោះហានិភ័យយ៉ាងខ្លាំងចំពោះបរិយាកាស ទោះបីជាមិនបង្កឧស្ម័ននៅកន្លែងដោយផ្ទាល់ ក៏នៅតែបង្កឱ្យឧស្ម័នទាំងនោះទៅក្នុងខ្យល់ហើយបំផ្លាញ និងសម្លាប់ស្រទាប់អូសូននៅក្នុងបរិយាកាស ដែលបណ្ដាលឱ្យអាកាសធាតុប្រែប្រួល ហើយក្ដៅខ្លាំង។ តែបើសិនសម្រាប់ការកែច្នៃរបស់លោក អាចជួយកាត់បន្ថយការដុតសំរាមប្លាស្ទិកនៅតាមកន្លែងនានាបានមួយកម្រិតហើយ ថែមទាំងបានជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានទៅដល់ ៨០ ភាគរយ មានន័យថា នៅតែ ២០ភាគរយទេដែលប៉ះពាល់ដល់បរិស្ថាននៅពេលដែលដុតចម្រាញ់នោះ។

ជាធម្មតា គ្រប់ប្រភេទប្រេងឥន្ធនះ សុទ្ធតែបញ្ចេញចំហេះហើយក៏បញ្ចេញជាតិពុលផងដែរ លើកលែងតែឧស្ម័នធម្មជាតិជីវសាស្រ្ត( Bio Gas) ។ បើប្រេងណាដែលស្រាល ប្រេងនោះនឹងមានចំហេះខ្លាំងជាង ដូចនេះយើងថ្លឹងថា ប្រេងម៉ាស៊ូតធម្មតាមានម៉ាស ៨៣២ក្រាម (0.832 Kg) ក្នុងមួយលីត្រ ចំណែកប្រេងដែលបានមកពីប្លាស្ទិករបស់លោក ឃុន ស៊ីវ មានម៉ាសប្រហាក់ប្រហែលនឹងប្រេងកាតគឺ ៧៧៥ក្រាម ( 0.775 Kg) ស្រាលជាងមានចំហេះខ្លាំងជាងម៉ាស៊ូតធម្មតា ក៏ប៉ុន្តែវាក៏បានបញ្ចេញជាតិពុលខ្លាំងជាងប្រេងម៉ាស៊ូតផងដែរ។

បន្ទាប់មក ជនជាតិបារាំងម្នាក់ដែលជាភរិយារបស់ម្ចាស់ជំនួយនៃគម្រោងនេះដែលមានជំនាញផ្នែកគីមីវិទ្យា គាត់បានពន្យល់ណែនាំលោក ឃុន ស៊ីវ អំពីគម្រោងនៃការកែច្នៃប្រេងម៉ាស៊ូតពីសំរាមប្លាស្ទិក ដោយមានការលាយជាមួយប្រេងឆា ព្រោះខាងបារាំងគេធ្វើបែបនេះ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នពុលផងដែរ និងជួយសន្សំសំចៃទៀត ព្រមទាំងជួយកែច្នៃប្រេងឆាដែលគេលែងប្រើប្រាស់ យកមកធ្វើឲ្យថ្លារួចលាយជាមួយប្រេងម៉ាស៊ូតជាការស្រេច។ បន្ទាប់មក លោក ស៊ីវ បានសម្រេចចិត្តយករូបមន្តរបស់គាត់មកសិក្សា ដោយប្រើប្រាស់សមាសធាតុប្រេងកែច្នៃសំរាមប្លាស្ទិក ៧០ភាគរយមកលាយជាមួយប្រេងឆាចាស់ៗដែលចម្រោះហើយ ៣០ភាគរយ ហើយទទួលបានផលល្អជាងមុន។

គម្រោងនៅក្នុងអង្គការរបស់លោកមានច្រើន ក្នុងនោះមានការកែច្នៃប្លាស្ទិកនេះ ហៅថា «សុខភាពផែនដី» តែគឺផ្ដោតសំខាន់ទៅលើការអប់រំរបស់សិស្ស ក្មេងៗនៅក្នុងសហគមន៍ បានសិក្សាមុខវិជ្ជានានាដូចជា ភាសាអង់គ្លេស ភាសាបារាំង កុំព្យូទ័រ និងភាសាខ្មែរ ដោយឥតគិតថ្លៃជាជំនួយរបស់អង្គការនេះក៏ប៉ុន្តែពួកគាត់ត្រូវនាំយកនូវសំរាមប្លាស្ទិកពីផ្ទះ ឬកន្លែងផ្សេងៗ ដែលខ្លួនអាចរកបានតាមលទ្ធផល។ តួលេខនៃសិស្សនៅក្នុងអង្គការអូប៊ីធី (OBT) នៅក្នុងសហគមន៍ជីរោទិ៍ ខេត្តត្បូងឃ្មុំ មានចំនួន ២៦០នាក់ ដែលបានកំពុងសិក្សានៅអង្គការនេះ។

នៅថ្ងៃទិវាបៃតង (Green Day) ជាកម្មវិធីមួយដែលសាលាខាងអង្គការក៏បានផ្ដល់ឱកាសឱ្យក្មេងៗ ទទួលបានការអប់រំផ្នែកបរិស្ថាន ដោយតម្រូវឱ្យពួកគេដើររើស និងសម្អាតសំរាមប្លាសិ្ទកផ្សេងៗ នៅក្នុងសហគមន៍នោះ។ ហើយនៅថ្ងៃនោះ ខាងសាលាក៏បានចុះទៅដល់ភូមិដោយអង្គការបានពន្យល់ដល់អាណាព្យាបាលសិស្ស ក៏ដូចជាប្រជាជនទាំងនោះ នូវផលប៉ះពាល់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាព ដូចពន្យល់ដល់ពួកគាត់អំពីការប្រើប្រាស់របស់របរដែលអាចប្រើបានម្ដងទៀតបាន តាមភាពជាក់ស្ដែង។

សូមបញ្ជាក់ថា មុនពេលច្នៃសំរាមប្លាស្ទិក ធ្វើជាប្រេងម៉ាស៊ូត នៅខែសីហា ឆ្នាំ ២០១៨ លោក ឃុន ស៊ីវ ក៏ធ្លាប់បានច្នៃសំរាមប្លាស្ទិក ធ្វើជាឥដ្ឋកូរ៉ូឡាផងដែរ ខណៈសព្វថ្ងៃនេះ លោកបានបម្រើការងារនៅអង្គការជាង ២ ឆ្នាំហើយ។ ដោយសារនៅឆ្នាំ ២០១៧ ក្នុងអង្គភាពរបស់លោក ក៏បានកែច្នៃសំរាមប្លាស្ទិកទៅជាឥដ្ឋការ៉ូរួចហើយ។ ហើយក្នុងឆ្នាំ ២០២១ គម្រោងរបស់បារាំងមួយឈ្មោះថា ASSOCIATION SOURIRES PROJECT នឹងបានផ្ដល់ជំនួយក្នុងគម្រោងកែច្នៃសំរាមប្លាស្ទិកទៅជាប្រេងម៉ាស៊ូតនេះ ដោយមានការសាងសង់អគារមួយផងដែរ ការផ្គត់ផ្គង់ថាមពលប្រើប្រាស់ដោយពន្លឺព្រះអាទិត្យដោយប្រើបន្ទះផ្ទាំងសូឡា ការផ្គត់ផ្គង់ទឹកស្អាត និងផ្ដល់ម៉ាស៊ីនចម្រាញ់កែច្នៃសំរាមប្លាស្ទិកទៅជាប្រេងម៉ាស៊ូត ដោយការផ្សព្វផ្សាយការបរិច្ចាគនៅបារំាង។ អ្នកឯកទេសជនជាតិបារាំងនៃគម្រោងបានអញ្ជើញលោក ទៅសិក្សាបន្ថែមពីបច្ចេកទេសផ្សេងៗ ធ្វើយ៉ាងណាដើម្បីឲ្យមានភាពប្រសើរឡើងនៃសមត្ថភាព ជំនាញនៃការកែច្នៃរបស់លោក ជាមួយការស្រាវជ្រាវជាមួយរូបមន្តរបស់គម្រោងបារាំងបូកបញ្ចូលគ្នាផងដែរ។ តែដោយសារតែការរីករាលដាលជំងឺឆ្លងកូវីដ-១៩ គម្រោងជំនួយរបស់អង្គការក៏បានលើកទៅឆ្នាំ ២០២២វិញ។

គម្រោងរបស់បារាំងមួយឈ្មោះថា ASSOCIATION SOURIRES PROJECT នឹងបានផ្ដល់ជំនួយក្នុងគម្រោងកែច្នៃសំរាមប្លាស្ទិក
គម្រោងរបស់បារាំងមួយឈ្មោះថា ASSOCIATION SOURIRES PROJECT នឹងបានផ្ដល់ជំនួយក្នុងគម្រោងកែច្នៃសំរាមប្លាស្ទិក

លោកសូមថ្លែងអំណរគុណសម្រាប់សាលាក្រុងភ្នំពេញដែលជូនជាថវិកានៃដល់ខាងខ្លួនចំនួន ២០០០ដុល្លារអាមេរិក។ ហើយក៏អរគុណធំៗដល់ លោក អឿន រិទ្ធ ជាប្រធានមន្ទីរទេសចរណ៍ប្រចាំខេត្តត្បូងឃ្មុំ ដែលលោកយកចិត្តទុកដាក់ និងតែងតែមកសួរនាំ តែងតែអញ្ជើញមកសុខទុក្ខ ជជែកពិភាក្សា និងលើកទឹកចិត្តដល់លោក និងអង្គការក្នុងការបន្តបេសកកម្មនៃការកែច្នៃសំរាមប្លាស្ទិក ការអប់រំក្មេងៗ ប្រជាពលរដ្ឋក្នុងស្រុក ឲ្យបានយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់សំរាមប្លាស្ទិក និងជួយបន្ថយការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាព។ គម្រោងមួយទៀតរបស់អង្គការគឺធ្វើការផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាជនក្នុងសហគមន៍ ដោយតម្លៃធម្មតារបស់ឯកជនទឹក១គូប តម្លៃ២០០០រៀល ហេតុនេះអង្គការជួយ៥០០រៀលក្នុងនោះ គឺគិតត្រឹមតែ ១៥០០រៀលក្នុងមួយគូបមាឌទឹក។ លោកបញ្ជាក់ថា គម្រោងនេះ អង្គការមានបំណងចង់ជួយសម្រាលទៅលើការចំណាយរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងឲ្យពួកគាត់ប្រើប្រាស់ទឹកស្អាត មានអនាម័យ សុខភាពល្អ និងមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ។

លោក ឃុន ស៊ីវ ជាកូនខ្មែរដែលអាចកែច្នៃបាននូវប្រេងម៉ាស៊ូតដែលអាចប្រើប្រាស់សម្រាប់គោយន្ត លោកសូមផ្ដាំផ្ញើរយើងមានផែនដីជាផ្ទះយើង ហើយកូនយើង ចៅយើង គ្រប់ជំនាន់ ក៏ត្រូវរស់នៅលើផែនដី បើយើងមិននាំគ្នាថែរក្សា បរិស្ថាន និងជួយគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជួយសម្អាតបរិស្ថាន និងទីកន្លែងដែលពួកយើងរស់នៅ សុទ្ធតែត្រូវការភាពស្អាតបាតដូចខ្លួនប្រាណយើងដូចគ្នា។ ផែនដីត្រូវការដង្ហើមដក ត្រូវការខ្យល់បរិសុទ្ធ ត្រូវការឧស្ម័នធម្មជាតិ ដូចយើងដែរ បើសិនជាយើងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ខ្លួនយើងក៏សុខភាពល្អ ផែនដីក៏ស្រស់បំព្រង រស់នៅប្រកបដោយសុខុមាលភាព។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ ជាអាណាព្យាបាលក្មេងៗ ជាគំរូដល់ពួកគាត់គួរតែពន្យល់ណែនាំគ្នាពីម្នាក់ទៅម្នាក់ទៀតក្នុងនាមជាខ្មែរដូចគ្នា មនុស្សជាតិដូចគ្នា ជាអ្នករស់នៅលើផែនដីក្រោមដំបូលមេឃតែមួយ ឲ្យពួកគាត់បានដឹងថា ផែនដីនេះមានតែមួយទេ ដូចនេះវាពិតជាសំខាន់ណាស់ គឺគ្រប់យ៉ាង ផ្ដើមចេញពីខ្លួនយើងម្នាក់ៗ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងមិនបំពុលបរិស្ថានតទៅទៀត តាមលទ្ធភាព។

សូមបញ្ជាក់ថា អង្គការ អូប៊ីធី (OBT) ជាអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន (Organization for Basic Training) ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលគ្រប់គ្រងដោយប្រទេសកម្ពុជាដែលត្រូវបានឧទ្ទិសដល់ការអប់រំ និងការផ្តល់អំណាចដល់កុមារដែលរស់នៅក្នុងភូមិសហគមន៍ជីរោទិ៍ បង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយលោក ប៉ត សុផល នាយកអង្គការ OBT ហើយត្រូវបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដោយក្រសួងមហាផ្ទៃកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ គោលបំណងដើម្បីផ្តល់នូវបរិស្ថានប្រកបដោយសុវត្ថិភាព និងមិត្តភាពដែលកុមារអាចអភិវឌ្ឍនិងរៀនតាមរបៀបដែលមានសុខភាពល្អ។

 
អង្គការ អូប៊ីធី (OBT) ជាអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន (Organization for Basic Training) (ប្រភពរូបភាព៖ អង្គការអូប៊ីធី)
ក្មេងៗក្នុងសហគមន៍ ដែលទទួលបានការអប់រំពីអង្គការ អូប៊ីធី (OBT) ជាអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន (Organization for Basic Training)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង