ភ្នំពេញ៖ ក្រសួងអប់រំ នៅទី១២-១៣ មករា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន ដល់គ្រូបង្រៀន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។
ក្នុងវគ្គបណ្ដុះបណ្ដាលនោះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងគោលដៅប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងឌីជីថល ដែលទាមទារជាចាំបាច់នូវ ការអប់រំបែបឌីជីថល ខណៈដែលគ្រូបង្រៀនជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់។
លោកជំទាវ គឹម សេដ្ឋានី ក៏បានកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីបន្តអភិវឌ្ឍខ្លួនស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងបានអំពាវនាវដល់សិក្ខាកាមដែលគ្រូបង្រៀនត្រូវយកចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍខ្លួន ពិសេសបំណិនផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបាន សហការរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យា និងអង្គការ DW Akademie ដែលកន្លងមកបានសហការក្នុងការផ្សព្វផ្សាយអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំទាំងផ្ទាល់ និងតាមអនឡាញ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា៕