ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធានាថាគ្មានការនាំចូលសត្វជ្រូកពីប្រទេសជិតខាងឡើយ។ ប្រសាសន៍បែបនេះត្រូវបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ” នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានយ៉ាងមុតមាំថា នឹងគ្មានការនាំចូលជ្រូកពីប្រទេសជិតខាងឡើយ បើសិនកម្ពុជាមានការផ្គត់ផ្គង់សាច់ជ្រូកបានគ្រប់គ្រាន់នៅក្នុងតំបន់។ ចំពោះនៅតាមច្រកព្រំដែននៃខេត្តត្បូងឃ្មុំគឺមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការនាំចូលទំនិញគ្រប់ប្រភេទផងដែរ។
បើតាមអភិបាលខេត្តត្បូងឃ្មុំ ក្នុងករណីដែលមានការនាំចូលជ្រូកពីប្រទេសជិតខាងគឺកើតមានឡើងកាលពីឆ្នាំមុន ដោយសារតែប្រទេសកម្ពុជាមានការខ្វះខាតនូវការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុក ប៉ុន្តែការនាំចូលនេះមិនមែនជាការនាំចូលបែបទ្រង់ទ្រាយធំឡើយ។
អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យបងប្អូនប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាកសិករនៅទូទាំងប្រទេសកម្ពុជា ឱ្យខិតខំបង្កើននូវទិន្នផលកសិកម្មឱ្យបានច្រើន ជាពិសេសគឺការចិញ្ចឹមជ្រូកត្រូវធ្វើយ៉ាងណាឱ្យផលិតផលមានគុណភាពល្អ មានការប្រើប្រាស់ចំណីផ្គត់ផ្គង់ពីក្រុមហ៊ុននានាឱ្យបានត្រឹមត្រូវតាមស្តង់ដារផងដែរ៕