ភ្នំពេញ៖ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម០៥ខែដើមឆ្នាំ២០២០សម្រេចបានទឹកប្រាក់ចំនួន២,១៧ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះ៨,១%បើធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០១៩។នេះយោងតាមតួរលេខពីអគ្គនាយកដ្ឋានគយវៀតណាម ចុះផ្សាយដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
ក្នុងនោះការនាំចេញពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ១,៧ពាន់លានដុល្លារអាមេរិក (ធ្លាក់ចុះ៦%) និងការនាំចូលវៀតណាមពីប្រទេសកម្ពុជាសម្រេចបាន ៤៧៦លានដុល្លារអាមេរិក (ធ្លាក់ចុះ១៥%) ហើយមូលហេតុដែលនាំមកនៃការធ្លាក់ចុះនេះគឺមកពីការជះឥទ្ធិពលអវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រភេទមុខទំនិញដែលវៀតណាមនាំចេញទៅប្រទេសកម្ពុជាក្នុង០៥ខែដើមឆ្នាំ២០២០មានដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ ជី… ហើយទំនិញដែលកម្ពុជានាំចេញទៅប្រទេសវៀតណាមមានស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹកបារី ផ្លែចេក…
នៅក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន ជិត ៥,៣លានដុល្លារអាមេរិក កើនឡើង១១% បើធៀបជាមួយឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញពីរប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ៤,៤ពាន់លានដុល្លារអាមេរិក (កើនឡើង ១៦%) និងនាំចូលពីប្រទេសកម្ពុជា ៩០១លានដុល្លារអាមេរិក (កើនឡើង៧%)៕