អានយ៉ាង៖ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចេញសេចក្ដីបំភ្លឺទាក់ទិននឹងករណីបោះតង់តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការខណ្ឌសីមា និងបោះបង្គោល ថាគ្រាន់តែបោះបណ្ដោះអាសន្ន និងក្នុងន័យទប់ស្កាត់ការឆ្លងកូវីដ១៩ប៉ុណ្ណោះ។ នេះបើយោងតាមលិខិតស្រាយបំភ្លឺរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។
គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ការបោះតង់តាមបណ្ដោយខ្សែរព្រំដែននោះ គឺដើម្បីទប់ស្កាត់នឹងការចូលមកដោយខុសច្បាប់ដែលអាចបង្កឡើងដោយ ការឆ្លងជំងឺកូវីដ១៩តាមបណ្ដោយខ្សែរព្រំដែន។
បន្ថែមពីនេះ ខាងភាគីវៀតណាមបានលើកឡើងថា បណ្ដាប៉ុស្តិ៍ការពាព្រំដែនខេត្តអានយ៉ាង បានផ្លាសប្ដូរព័ត៌មានជាមួយកងកម្លាំងការពារព្រំដែនខេត្តកណ្ដាលហើយ ម្យ៉ាងការបោះតង់នេះគ្រានជាការងារបណ្ដោះអាសន្ន ដោយធ្វើក្នុងគោលបំណងបង្ការ និងប្រឆាំងការរាតត្បាតកូវីដ១៩ រវាងប្រទេសទាំងពីរ តែប៉ុណ្ណោះ។
មកទល់ពេលនេះ ភាគីវៀតណាមបានរុះរើគ្រប់តង់ដែលបានបោះជាប់ខ្សែរព្រំប្រទល់ខេត្តកណ្ដាលរួចរាល់ហើយ តាំងពីមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។ ដោយមិនបង្កជាផលប៉ះពាល់អ្វីដល់កិច្ចការគ្រប់គ្រងព្រំដែន និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នោះទេ។
គួរបញ្ជាក់ថា កងទ័ពវៀតណាមបានចូលលួចបោះតង់បណ្ដោះអាសន្នចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា។ប៉ុន្តែសកម្មភាពនេះ ត្រូវអាជ្ញាធរកម្ពុជាបានចុះរារាំង និងទាមទារឱ្យភាគីប្រទេសរុះរើតង់នោះវិញ៕