Cctimesw1140xh150cm copy

អ្នកលក់៖ក្នុង«ទិវានៃសេចក្ដីស្រលាញ់» អ្នកទិញផ្កាភាគច្រើនមានវ័យកណ្ដាល

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ ណស្រីពេជ្រ
/

ភ្នំពេញ៖ អ្នកលក់ផ្កាមួយចំនួនដែលផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍បានអះអាងថា ថ្ងៃទី១៤ កុម្ភៈ នៅឆ្នាំនេះហាក់ដូចជាស្ងប់ស្ងាត់មិនសូវមានភាពឆូរឆរពីសំណាក់យុវវ័យប៉ុន្មានទេ ហើយសន្ទុះនៃអ្នកមកទិញផ្កាដែលជាយុវជនក៏ភាគតិចដែរ។បើតាមអ្នកលក់ក្នុង«ទិវានៃសេចក្ដីស្រលាញ់» អ្នកទិញផ្កាភាគច្រើនមានវ័យកណ្ដាលទិញទៅជូនក្រុមគ្រួសាររបស់ពួកគេ។

«អ្នកទិញភាគច្រើនគឺជាអ្នកមានវ័យកណ្ដាល ហើយបើយុវវ័យគឺមួយៗហើយគាត់ទិញតែមួយដើម ទៅពីរដើមតែប៉ុណ្ណោះ ឯអ្នកវ័យកណ្ដាលគឺមានការកើនឡើងជាងឆ្នាំមុន ភាគច្រើនពួកគាត់ទិជូនប៉ាម៉ាក់ ទិញជូនគ្រួសារ»។ នេះជាការលើកឡើងរបស់លោក កែវ សុខហេង ជាអ្នកលក់ផ្កា និងវត្ថុអនុស្សវរីយ៍ម្នាក់ដែលបានផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ក្នុងថ្ងៃទី១៤ កុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់។

លោក សុខហេង បន្តថា ក្នុងថ្ងៃ១៤កុម្ភៈឆ្នាំនេះ តម្លៃផ្កាគឺចាប់ពី ១.៥$ ទៅដល់ ២ ឬ ៣រយដុល្លារក្នុងមួយបាច់ទៅតាមម៉ូត តាមការចង់បានរបស់ភ្ញៀវ។ រីឯតម្លៃនៃការនាំផ្កាចូលគឺថ្លៃខុសពីធម្មតា មិនថានៅក្នុងស្រុក ឬនៅក្រៅស្រុក គឺគេត្រូវការដូចគ្នា ជាទូទៅផ្កាក្នុងថ្ងៃធម្មតាមួយដុំតម្លៃតែ៥ ទៅ៦$ ទេ តែក្នុងថ្ងៃនេះឡើងដល់ ២៥$ ហ្នឹងសម្រាប់តម្លៃទិញចូល។

អ្នកនាង ឌុន តូចស្រីពេជ្រ ជាអ្នកលក់ប៉ោងៗមានប្រសាសន៍ដែរថា៖« បើធៀបនឹងឆ្នាំមុនគឺលក់ដាច់ណាស់ ដឹងតែដាច់ហ្មង៎ តែឆ្នាំនេះដូចជាស្ងាត់មិនសូវមានមនុស្សឆូរឆរដូចមុន»។ គាត់បន្តថា ឆ្នាំមុនគាត់លក់ប៉ោងៗដាច់ចូលខ្ទង់ពាន់ តែឆ្នាំនេះប្រហែលជាបាត់អ្នកទិញ៦០%ហើយ ព្រោះមិនសូវមានមនុស្សដើរលេងទេ តាំងពីល្បីមានជំងឺកូរ៉ូណា។ ជាទូទៅគឺខ្ញុំលក់ដល់យប់ ទាល់តែអស់បានទៅផ្ទះ ឯតម្លៃប៉ោងៗអាតូច ១$ ទៅ ១.៥$ ហើយអាធំ ១មឺន ១មឺនប្រាំរៀល។

កញ្ញា ទៀ សុខណា បានមកទិញផ្កាជូនម្ដាយ ហើយបានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារ ថា៖«សម្រាប់ខ្ញុំ គិតថាថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់មានចំពោះឪពុកម្ដាយ មិត្តភក្ភិបងប្អូន និងគ្រួសារជាដើម។ ក្នុងថ្ងៃនេះដែរ ខ្ញុំនឹកឃើញដល់ម៉ាក់ខ្ញុំមុនគេ ព្រោះចង់ឱ្យគាត់សប្បាយចិត្ត ព្រោះប៉ាគាត់នៅខេត្ត»។

កញ្ញា បន្ថែមថា សម្រាប់ខ្ញុំឃើញយុវវ័យមួយចំនួនដែលគាត់ចេះគិតគឺមិនអីទេ តែបើអ្នកអត់ចេះគិតគាត់អាចទៅធ្វើរឿងអ្វីដែលលើសលួស ជ្រុលជ្រួសអាចប៉ះពាល់ដល់កិត្តិយសគ្រួសារជាដើម។

ចំណែកលោក ធារិទ្ធ ជាអ្នកមកទិញផ្កា ក៏បានរៀបរាប់ដែរថា ៖« ថ្ងៃណាក៏ជាថ្ងៃដែលយើងអាចបង្ហាញសេចក្ដីស្រលាញ់បានដែរ តែថ្ងៃនេះគឺជាទិវាដែលយើងបង្ហាញក្ដីស្រលាញ់ចំពោះមិត្តភក្ភិ ដៃគូ គ្រួសារ ឬស្វាមីភរិយា ហើយបើយើងអាចយកថ្ងៃនេះដើម្បីបង្ហាញក្ដីស្រលាញ់បានគឺជាការល្អ ជាពិសេសសម្រាប់ស្រ្តីដើម្បីលើកទឹកចិត្តគាត់ លើសពីថ្ងៃធម្មតា»។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង