ភ្នំពេញ៖ វត្ថុវាយនភណ្ឌ នៅក្នុងសារមន្ទីរជាតិ នាពេលបច្ចុប្បន្ននេះ មានចំនួន ២៧៥វត្ថុ ដែលកំពុងប្រឈមនឹងការខូចខាតយ៉ាងខ្លាំង និងអាចឈានទៅរកការបាត់បង់។ ដូច្នេះការអភិរក្ស ក៏ដូចជាការការពារ ព្យាបាល និង ជួសជុល វាយនភណ្ឌ ទាំងនោះមានសារសំខាន់ណាស់ សម្រាប់អ្នកជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ។ ការជួសជុលវាយនភណ្ឌទាំងនោះឈរលើគោលការណ៍ ជួលជុលតិច និងគោរពនូវអត្តសញ្ញាណរបស់វា។
លោកស្រី គង់ គន្ធារី អនុប្រធានការិយាល័យអភិរក្សទទួលបន្ទុកផ្នែករោងជាងជួសជុលវាយនភណ្ឌ នៃនាយកដ្ឋានសារមន្ទីរជាតិ បានឱ្យដឹងថា ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ វត្ថុវាយនភណ្ឌបានបាត់បង់អស់ជាច្រើន គឺនៅសល់ចំនួន ១៤៥ បន្ទាប់មកទៀតសារមន្ទីរជាតិ បានទទួលអំណោយពីសប្បុរសជនជាតិ និងអន្ដរជាតិ ចំនួន ១៣០។
លោកស្រី គន្ធារី បានមានប្រសាសន៍ថា សមុច្ច័យនៅសារមន្ទីរជាតិ មាន ហូលពិដាន ហូល(ហូលបុរស និងហូលស្រ្តី) ផាមួង ចរចាប់ ល្បើក កន្សែងសូត្រគោមផ្កា ក្រម៉ាសូត្រ ទង់សាសនា ខ្សែរយាងដំរី ខ្សែក្រវាត់ និងសម្លៀកបំពាក់របាំ ជាដើម។ វាយនភណ្ឌនៅសារមន្ទីរជាតិ បច្ចុប្បន្នមានចំនួន ២៧៥វត្ថុ។
លោកស្រី គន្ធារី បាននិយាយថា បច្ចុប្បន្នវាយនភណ្ឌមានការខូចខាត ជាខ្លាំង ហើយទម្រង់ដែលនាំឱ្យមានការខូចខាតវាយនភណ្ឌ មាន ក្រដាសកិបជាប់នឹងក្រណាត់ ដែកខ្តាស់ក្រណាត់ ក្រដាសបិទកាវជាប់ក្រណាត់ ត្រាបោះលើក្រណាត់ ពុកផុយ ក្រណាត់ផុយស្រួយ សរសៃសូត្រពុក រហែកតាមស្នាមផ្នត់ ស្ទីមពណ៌ត្នោត និង ហើរពណ៌ ។
លោកស្រី គន្ធារី បានបន្ដថា រោងជាងវាយនភណ្ឌ បង្កើតឡើងនៅក្នុងឆ្នាំ១៩១៦ រៀបចំដោយនាយកដ្ឋានសារមន្ទីរ និងមានការសហប្រត្តិបត្តការជាមួយអ្នកជំនាញមកពីប្រទេសអូស្រ្តាលី។ ការបង្កើតរោងជាងនេះ ក្នុងគោលបំណងអភិរក្ស ជួសជុល ទប់ស្កាត់ វត្ថុដែលមានស្ថានភាពខូចខាតខ្លាំង ហើយអាចប្រឈមនិងការបាត់បង់ឱ្យមានស្ថានភាពប្រសើរឡើងវិញ។
លោកស្រី គន្ធារី បានបន្ដទៀតថា ការងារអភិរក្សវាយនភណ្ឌ ធ្វើឡើងក្នុងគោលបំណងរក្សាវត្ថុបុរាណឱ្យគង់វង្សយូអង្វែង ដោយធ្វើការជួសជុលក្នុងកម្រិតតិចតួចបំផុត តាមដែលអាចធ្វើទៅបាន។ ការអភិរក្សមាន ការពិនិត្យ រៀបចំឯកសារ ការពារ ព្យាបាល និង ជួសជុល។ ការអភិរក្សមាន ០៣ផ្នែក សំខាន់ៗ គឺ ការពារ ព្យាបាល និង អប់រំ។ ការអភិរក្សឈរលើគោលការណ៍ ជួលជុលតិច និងគោរពនូវអត្តសញ្ញាណរបស់វា។
លោកស្រី គន្ធារី បានបន្ថែមថា ដំណាក់កាលនៃការអភិរក្សវាយនភណ្ឌ នៅដំនាក់កាលទី១ គឺពិនិត្យ សិក្សា កត់ត្រាពីស្ថានភាព និងបញ្ហាដែលវត្ថុនីមួយៗកំពុងប្រឈម ដើម្បីងាយស្រួលកំណត់ទិសដៅជួសជុល រួមជាមួយការជ្រើសរើសសម្ភារៈ និងវិធីសាស្ដ្រជួសជុលត្រឹមត្រូវ មិនបង្កគ្រោះថ្នាក់ដល់វត្ថុបុរាណក្នុងពេលជួសជុល និងមិនបំផ្លាញដល់វត្ថុនោះ។
លោកស្រី គន្ធារី បានបន្ដថា ដំណាក់កាលទី២ ជាដំណាក់ការអនុវត្តការងារបច្ចេកទេសផ្ទាល់លើវត្ថុ ដោយឈរលើគោលការជួសជុលតិច និងគោរពអត្តសញ្ញាណរបស់វា។ ចំណែកឯ ដំណាក់កាលទី៣ បញ្ចូលរបាយការណ៍ជួសជុលទៅក្នុងកុំព្យូទ័រ និងសរសេររបាយការចងក្រងជាសៀវភៅ ព្រមទាំងរៀបចំទុកដាក់ថែរក្សាវត្ថុដែលជួសជុលរួច ទៅតាមទីកន្លែង និងតាមដានការវិវត្តន៍របស់វា។
ជាមួយគ្នានេះ រោងជាងអភិរក្ស និងជួសជុលវាយនភណ្ឌ ជួយលើកស្ទួយ ពង្រឹងការងារអភិរក្ស និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ មានសកម្មភាព និងវិវត្តន៍ទៅមុខ ហើយការងារនេះក៏មានអត្ថប្រយោជន៍សំខាន់ក្នុងការថែរក្សាការពារ បេតិកភណ្ឌខ្មែរ សម្រាប់អ្នកជំនាន់ក្រោយ សិក្សាស្រាវជ្រាវបន្ដ ដើម្បីពង្រីក និងបន្ដបណ្ដុះបណ្ដាលវិស័យនេះឱ្យកាន់តែទូលំទូលាយ៕