(សៀមរាប)៖ ព្រះប្រធានថេរសភាខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។នេះបើយោងតាមថេរសភាខេត្តសៀមរាម។
បើយោងតាមថេរសភាខេត្តសៀមរាប បានបញ្ជាក់ថា «ក្រោយថ្ងៃចេញសង្ឃសម្រេចនេះបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន។
ថេរសភាខេត្តសៀមរាប បានពន្យល់ថា ការសម្រេចនេះ គឺយោងតាមអង្គប្រជុំថេរសភាខេត្ត បន្ទាប់ពីស្តាប់វីដេអូសំឡេងសន្ទនារៀបរាប់សេចក្តីស្នេហាយ៉ាងស៊ីជម្រៅរវាងភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយនិងកូនស្រីព្រមទាំងបានស្តាប់កំណត់ហេតុការបំភ្លឺរបស់កូនស្រីមួយរូបរួចមក.
គួរបញ្ជាក់ផងដែរថា ព្រះតេជគុណ លួន សុវ៉ាត ជាអតីតសកម្មជនព្រះសង្ឃការពារយុត្តិធម៌ និងការពារសិទ្ធិមនុស្ស។ ព្រះតេជគុណ លួន សុវ៉ាត ធ្លាប់ត្រូវបានចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ កាត់ទោស ពាក់ព័ន្ធនឹងសកម្មភាពរបស់ព្រះអង្គ ចូលរួមបាតុកម្មដីធ្លី កន្លងមក៕