Cc time web banner 054637

ត្រណម៨យ៉ាងដែលត្រូវដឹងក្នុងពេល«ពិធីបុណ្យឆេងម៉េង ឬពិធីបុណ្យសែនផ្នូរ»

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ពិធីបុណ្យឆេងម៉េង (Qingming jie) ជាកិច្ចពិធីដ៏ប្រពៃថ្លៃថ្លាបងប្អូនជនជាតិចិន ឬបងប្អូនខ្មែរ ជាប់សែស្រឡាយចិន តែងប្រារព្វយ៉ាង ដើម្បីឧទ្ទិសដល់កុងម៉ា ដូនតា ឬ បុព្វការីជនខ្លួនដែល បានចែកឋានទៅប្រកបដោយទឹកចិត្ដសុទ្ធាជ្រះថ្លាយ៉ាងប្រពៃ។ប៉ុន្តែបងប្អូនក្រុមគ្រួសារ ឬសាច់ញាតិនៅពេលសែនផ្នូរ ប្រកាន់ត្រណមចំនួន៨យ៉ាង។

ទី១៖ ជៀសវាងការស្លៀកសម្លៀកបំពាក់ឆើតឆាយ៖ អ្នកទៅសែនបោសសម្អាតផ្នូរគឺត្រូវបម្រាមជាពិសេសក្នុងការស្លៀកសម្លៀកបំពាក់ដែលមានព័ណ៌ក្រហម ពណ៌ស្វាយឆើតឆាយ ដោយត្រូវស្លៀកសម្លៀកបំពាក់ព័ណ៌ចាស់ និងស្លៀកពាក់ឲ្យបានត្រឹមត្រូវ មានចរិតឫកពារសមសួន ដើម្បីបង្ហាញការគោរពដល់ដូនតា។ សូម្បីតែខោក្នុងព័ណ៌ក្រហមក៏គួរពាក់ដោយប្រយ័ត្នប្រយែងដែរ និង មិនត្រូវពាក់គ្រឿងអលង្ការព័ណ៌ក្រហមផងដែរ។

២. មុនពេលបោសសម្អាតផ្នូរ ល្អបំផុតគឺតមអាហារ៖ នៅពេលអ្នកចេញដំណើរទៅសែនផ្នូរ គួរតែតមអាហាររឺក៏គ្រាន់តែញាំអាហារបួស ដើម្បីជាការមានសុជីវធម៌បង្ហាញការគោរពដល់ដូនតា ហើយនៅពេលសែនផ្នូររួចទើបចាប់ផ្តើមញ៉ាំអាហារ។

៣. ជៀសវាងការលេងសើច និងការជេរបញ្ចោរគ្នា៖ នៅពេលសែនបោសសំអាតផ្នូរ អ្នកគួរធ្វើចរិតឲ្យបានម្មឺងម៉ាត់ មិនត្រូវមានអកប្បកិរិយាលេងសើច និងជេរបញ្ចោរគ្នា ឈ្លោះគ្នាឲ្យសោះ ពីព្រោះទីបញ្ចុះសពគឺជាទីកន្លែងដែលដូនតាដែលបានស្លាប់ទៅស្នាក់នៅ ដូច្នេះយើងមិនត្រូវដើររំលងផ្នូរ រឺរបស់របរដែលសែនព្រេន ក៏មិនត្រូវស្រែកឡូឡា សើចក្អាកក្អាយ ជេរប្រមាថ។ល។

៤.តមការបត់ជើងតូចរឺធំនៅលើផ្នូរ៖ កុំបណ្តោយអោយកុមារតូចៗបត់ជើងតូចនិងបន្ទោរបង់នៅលើផ្នូរ ចំណែកមនុស្សធំៗត្រូវជាសវាងស្ដោះទឹកមាត់ រឺខាកស្ដោះឡើយ ទោះបីជាផ្នូរនោះមានដុះស្មៅស៊ុបទ្រុបក៏ដោយ។ ហើយក៏មិនត្រូវបណ្តោយអោយកុមារតូចៗស្រែកឡូឡាលេងសើចរឺរត់លេងប្រសេចប្រសាចឡើយ។

៥ តមការថតរូបដោយប្រើកាយវិការច្រងេងច្រងាង៖ ការថតរូបជាមួយផ្នូររបស់ដូនតាគឺជាបង្ហាញការគោរពចំពោះដូនតា ក៏ជាកេរដំណែលរបស់គ្រួសារផងដែរ ដើម្បីឱ្យកូនចៅជំនាន់ក្រោយចងចាំពីដូនតា។

ដូច្នេះសូមកុំភ្លេចថាថតរូបជាក្រុម ឬសែលហ្វី ត្រូវហាមធ្វើកាយវិការច្រងេងច្រងាង ត្រូវតែបង្ហាញភាពថ្លៃថ្នូរ និងការគួរសម ដើម្បីបង្ហាញការគោរពចំពោះអ្នកដែលបានស្លាប់ទៅ។ សូមប្រយ័ត្នចំពោះការថតរូបនៅទីបញ្ចុះសព មិនថាថតតែអ្នកបោសសម្អាតផ្នូរ រឺក៏ជាការថតរូបជាមួយផ្នូររបស់ដូនតា ត្រូវប្រុងប្រយ័ត្នកុំអោយថតជាប់ផ្នូរអ្នកដទៃ។

៦ តមការយកផ្ការឺស្មៅចេញទៅវិញ៖ ពេលមើលឃើញផ្កា និងរុក្ខជាតិស្រស់ស្អាតនៅលើផ្នូរទាំងនេះ ជៀសវាងបេះផ្ការឺរុក្ខជាតិទាំងនោះទៅផ្ទះវិញ។ ៧. ជៀសវាងយកទៀនរឺធូបត្រឡប់ទៅផ្ទះវិញ៖ ពេលបោសផ្នូរតែងតែត្រូវយកនូវគ្រឿងសក្ការៈ ក្រដាស់សែន ទៀន ធូប ផ្សេងៗដើម្បីដុតបូជាដល់ញាតិសន្តានដែលបានចែកឋានទៅ ។ ត្រូវចងចាំថាគ្រឿងសក្ការៈដូចជា ក្រដាស់សែន ទៀន ធូបដែលនៅសល់គឺហាមយកទៅផ្ទះវិញ។

៨. តមការចោលសំរាមផ្តេសផ្តាស៖ សំរាម កន្ទុយបារី ឬក្រដាសសែន មិនត្រូវទុកចោលរឺបោសចោលផ្តេសផ្តាសនៅមុខផ្នូរដូនតាខ្លួនឯងរឺផ្នូរអ្នកដទៃឡើយ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង