ភ្នំពេញ៖ លោក ហ្វីលីព ដូនេស្គី ជាជនជាតិបារាំង អាយុ៦៣ឆ្នាំ មានមុខរបរជាអ្នកលក់ផេនខេកនៅតាមដងផ្លូវរាជធានីភ្នំពេញរយៈពេល១១ឆ្នាំ។ វិទ្យាស្ថានបារាំងជាទីតាំងបច្ចុប្បន្ន ដែលលោកលក់ផេនខេកយូរជាងគេអស់រយៈពេលជាង ៨ ឆ្នាំ។ កន្លងមក លោកធ្លាប់លក់នៅទីតាំងផ្សេងៗដូចជាដំបូងនៅផ្សាររាត្រី សាលាបារាំងដេកាត សាលាបាក់ទូក ចតុមុខ វត្តភ្នំ សន្ធរម៉ុក ទួលទំពូង និងជ័យថាវី។
លោក ហ្វីលីព បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ដ្បិតលោកជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាមែន ប៉ុន្តែលោកពិតជាស្រឡាញ់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាមានសន្តានចិត្តល្អ និងតែងតែផ្តល់ការគាំទ្រជួយទិញផេនខេករបស់លោក។ លោក ហ្វីលីព មិនមានបំណងចង់វិលត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនទេ លោកចង់រស់នៅប្រទេសកម្ពុជារហូតដល់ជីវិតចុងក្រោយរបស់លោក។
លោក ហ្វីលីព បានឲ្យដឹងថា លោកចាប់ផ្តើមលក់ផេនខេកចាប់ពីម៉ោង ២ រសៀលនៅមុខវិទ្យាស្ថានបារាំង។ គិតជាមធ្យម ក្នុងមួយថ្ងៃលោកអាចលក់បានពី ៥០ បន្ទះ និងថ្ងៃខ្លះលក់បានជាង ១០០ បន្ទះ ទៅតាមថ្ងៃ និងរដូវកាល។ នំផេនខេក របស់លោកមាន ៧ រសជាតិ ដូចជាមានបៀកពីលើដោយ សូកូឡាសណ្ដែកដី សូកូឡាខ្មៅ សូកូឡាទឹកដោះគោ ដំណាប់ស្ត្រប៊ើរី គ្រីមប៊័រសណ្តែកដី ទឹកដោះគោខាប់ និងស្ករ ហើយអតិថិជនក៏អាចបន្ថែមចំណិតចេកលើនំផងដែរ។ រសជាតិមានការពេញនិយមជាងគេ គឺសូកូឡាខ្មៅ និងសូកូឡាទឹកដោះគោ បន្ទាប់មកសូកូឡាសណ្ដែកដី ដំណាប់ស្ត្រប៊ើរី ក្រីមប៊័រសណ្ដែកដី និងទឹកដោះគោខាប់។
លោក ហ្វីលីព បាននិយាយថា លោកបានរៀនជំនាញធ្វើនំផេនខេកនេះពីម៉ាក់របស់ខ្លួន ដែលជាអ្នកធ្វើផេនខេកលក់ជាង ៤០ ឆ្នាំ តែក្រោយមកលោកក៏បំបែកចេញជារូបមន្តខ្លួនឯង។ ក្នុងរយៈពេល១១ ឆ្នាំ ដែលមករស់នៅកកម្ពុជា ក៏ជារយៈពេល ដែលលោកប្រកបរបរលក់ផេនខេកនេះដូចគ្នា។
កាលពីដើមឡើយ លោក ហ្វីលីព ធ្លាប់ជាវិស្វករអគ្គិសនីម្នាក់។ បន្ទាប់ក្រោយមកលោកក៏បានសម្រេចចិត្តធ្វើដំណើរចេញពីប្រទេសកំណើតរបស់ខ្លួនមកប្រទេសថៃ ដើម្បីប្រកបរបរលក់នំផេនខេក ប៉ុន្តែនៅប្រទេសថៃហាក់ដូចជាមានច្បាប់តឹងរឹងចំពោះជនបរទេស ហើយពលរដ្ឋថៃមិនសូវមានការគាំទ្រជួយទិញផេនខេករបស់លោក។ ដូច្នេះរូបលោកក៏បានសម្រេចចិត្តមកប្រទេសកម្ពុជា។
បន្ទាប់ពីមកដល់កម្ពុជាត្រឹមតែ២សប្តាស៍ លោកក៏បានចាប់ផ្តើមលក់នំផេនខេកនេះតែម្តង ហើយក៏មានការជួយទិញពីអ្នកដំណើរ និងសិស្សសាលាជាបន្តបន្ទាប់។ សព្វថ្ងៃ មានអតិថិជនគ្រប់វ័យមកទិញនំផេនខេក និងភាគច្រើនជាងគេនោះជាសិស្សសាលា និស្សិត ក៏ដូចជាអ្នកដំណើរជិះកាត់ផងដែរ។
សម្រាប់លោក ហ្វីលីព មិនធ្លាប់គិតថាពង្រីកអាជីវកម្មទៅជាការលក់ផេនខេកក្នុងហាងសមរម្យមួយទេ។ លោកគ្រាន់តែចង់លក់ផេនខេកនៅតាមផ្លូវ ដោយបានឃើញទិដ្ឋភាព និងបានជួយប្រាស្រ័យទាក់ទងនឹងមនុស្សជាច្រើន ដែលធ្វើឲ្យលោកមានអារម្មណ៍ស្រស់ស្រាយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជួយទិញនំផេនខេក ដោយមិនមានការរើសអើង និងមានការអត់ធ្មត់ចំពោះការរង់ចាំ៕