Yearendyearend1140x150

ស៊ីស៊ីថាមស៍អន្តរជាតិ៖«អូមីក្រុង»ផ្តើមវាយលុកប្រទេសជាច្រើនលើពិភពលោកជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ភា ម៉ាលីដា
/

ភ្នំពេញ៖ រយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំសាកល កូវីដបំលែងថ្មី«អូមីក្រុង» បានវាយលុកប្រទេសជាច្រើនលើពិភពលោក។ការរាលដាលនៃជំងឺនេះ ធ្វើឡើងដូចអ្វីដែលអង្គការសុខភាពពិភពលោកនិងអ្នកជំនាញមួយចំនួនព្រមានពីមុនរួចថា នៅដើមឆ្នាំ២០២២នេះ អាចនឹងមានករណីឆ្លងអូមីក្រុងដ៏លើសលប់។

យើងផ្តើមពីករណីឆ្លងអូមីក្រុង នៅអាម៉េរិក។ក្រោយថ្ងៃបុណ្យឈប់សម្រាកនៅអាម៉េរិក មានករណីឆ្លងអូមីក្រុងប្រមាណជាង ១លាននាក់ក្នុងមួយថ្ងៃ បានធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ និង បានបំបែកកំណត់ត្រាឆ្លងលើពិភពលោកកាលពីដើមសប្តាហ៍នេះ។យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ជើងហោះហើរជាង ២,២០០ នៅក្នុង និង ក្រៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលកាលពីថ្ងៃសុក្រកន្លងទៅ។

ងាកទៅមើលនៅក្នុងសហភាពអឺរ៉ុបវិញ ប្រទេសចំនួន ១៨ កំពុងប្រឈមនឹងករណីឆ្លងអូមីក្រុងខ្លាំងផង ហើយប្រឈមនឹងការតវ៉ាលិខិតឆ្លងដែនវ៉ាក់សាំង និងការបិទខ្ទប់។ ក្នុងនោះមានទីក្រុង កេប៊ិច ប្រទេសបារាំង មានករណីឆ្លងអូមីក្រុងប្រហែល ២០,០០០ នាក់ក្នុងចំណោមបុគ្គលិកសុខាភិបាល ហើយស្ថានភាពបែបនេះ មិនមែនកើតឡើងនៅតែក្នុងទីក្រុង កេប៊ិច តែមួយទេ។ ដោយបន្ថែមលើភាពតានតឹងបែបនេះ ប្រជាជនបារាំងរាប់ពាន់នាក់ បានធ្វើការតវ៉ាប្រឆាំងនឹងការបិទខ្ទប់ ដោយអះអាងពីសិទ្ធិសេរីភាព និង ការរើសអើង។

ប្រទេសអ៊ីតាលី ក៏មានករណីឆ្លងមិនចាញ់ប្រទេសផ្សេងៗដែរ ដោយកាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះកត់ត្រាករណីឆ្លងអូមីក្រុងចំនួន ២១៩.៤៤១ ករណី បានធ្វើឲ្យប្រទេសនេះមានតួលេខឆ្លងខ្លាំងបំផុតជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាត។ចំនួនអ្នកជំងឺនៅក្នុងអង្គភាពថែទាំរបស់ប្រទេសនេះ បានបន្តកើនឡើងខ្ពស់ដោយឈានដល់ ១,៤៦៧ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកប្រទេសអង់គ្លេស ក៏កំពុងប្រឈមនឹងកង្វះបុគ្គលិកផ្នែកសុខាភិបាល ដោយសារបុគ្គលិកពេទ្យមួយចំនួនបានឆ្លងកូវីដ១៩ ហើយខ្លះត្រូវជាប់ចត្តាឡីស័កបន្ទាប់ពីធ្វើតេស្តវិជ្ជមាន។ ធ្វើឲ្យប្រទេសអង់គ្លេសត្រូវបង្ខំចិត្ត អនុញ្ញាតឲ្យបុគ្គលិកពេទ្យដែលមានរោគសញ្ញាស្រាលនៅបន្តការងារដូចដើម ដើម្បីព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ហើយអង់គ្លេសបានសម្រេចដាក់ភារកិច្ចឲ្យពេទ្យទាហានចំនួន ២០០ នាក់ ដាក់ពង្រាយកម្លាំងរបស់ខ្លួននៅតាមមន្ទីរពេទ្យដែលខ្វះខាតបុគ្គលិក។ចក្រភពអង់គ្លេសបានកត់ត្រាការឆ្លង អូមីក្រុង ប្រចាំថ្ងៃថ្មីចំនួន ១៩៤,៧៤៧ ដែលនាំឱ្យចំនួនករណីសរុបក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ កើនឡើងដល់ជាង ១.១ លាននាក់។

មកចាប់អារម្មណ៍ប្រទេសនៅតំបន់អាស៊ីវិញម្តង កូវីដ១៩បំលែងថ្មីអូមីក្រុងបានវាយប្រហារប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា និងបណ្ដាប្រទេសផ្សេងៗទៀត។សិង្ហបុរី មានករណីឆ្លងអូមីក្រុងចំនួន ៥៣៥ ករណីកាលពីថ្ងៃសុក្រ ខណៈប្រទេសថៃ ក៏កំពុងប្រឈមនឹងករណីឆ្លងអូមីក្រុងយ៉ាងខ្លាំងផងដែរ ធ្វើឲ្យប្រទេសបានពិចារណាដកវិធានការចូលប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយករណីឆ្លងបានកើនឡើងជាបន្តជាបន្ទាប់។

គួរបញ្ជាក់ថា តាមការវិភាគបឋមនៃកូវីដ១៩បំលែងថ្មី អូមីក្រុង វាពិតជាមានអាការៈស្រាលជាងកូវីដបំលែងមុនៗ តែវាមានអត្រាឆ្លងខ្ពស់រាប់ដង បើប្រៀបធៀបនឹងកូវីដបំលែងផ្សេងទៀត។ ហើយអ្នកឆ្លងអូមីក្រុងភាគច្រើន ជាអ្នកបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា «កូវីដ១៩បំលែងថ្មីអូមីក្រុង មិនគួរត្រូវបានចាត់ទុកថា វាជាវីរុសដែលមានលក្ខណៈស្រាលនោះទេ ព្រោះវីរុសប្រភេទថ្មីនេះ បានធ្វើឲ្យមនុស្សជាច្រើនសម្រាកនៅមន្ទីរពេទ្យកំពុងរងចាំការព្យាបាល»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង