Yearendyearend1140x150

អ្នកជំនាញ៖កុមារទទួលបំបៅ«ទឹកដោះម្តាយ» ៦ខែមានទំហំខួរក្បាលធំជាងកុមារដែលមិនបានទទួល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អត្ថប្រយោជន៍ទឹកដោះម្តាយលើអាហារូបត្ថម្ភបានជួយអភិវឌ្ឍខួរក្បាលនិងសតិបញ្ញាស្មារតីរបស់កុមារឲ្យឆ្លាតវៃ។ កុមារដែលទទួលបានការបំបៅទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត មានទំហំខួរក្បាលធំជាងកុមារដែលមិនបានបៅទឹកដោះម្តាយ។ នេះបើតាមលោកស្រី ស្វាយ សារី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ។

លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូត្ថម្ភ បានមានប្រសាសន៍ថា ទារកដែលបៅទឹកដោះម្តាយតែមួយមុខគត់មានការលូតលាស់ផ្នែកខួរក្បាលច្រើនជាងទារកដែលបៅទឹកដោះគោម្សៅ និងទារកដែលបៅទឹកដោះម្តាយលាយជាមួយទឹកដោះគោម្សៅនៅមុនអាយុ២ឆ្នាំ។ កុមារបានបៅទឹកដោះម្តាយពេញលេញមានភាពជោគជ័យខ្ពស់ក្នុងការសិក្សា និងមានលទ្ធភាពរកប្រាក់ចំណូលខ្ពស់ពេលគេពេញវ័យ។

លោកស្រី ស្វាយ សារី បន្តថា អត្ថប្រយោជន៍ទឹកដោះម្តាយលើអាហារូបត្ថម្ភ សម្បូរជីវជាតិ និងរ៉ែខនិជ ដូចជាជីវជាតិ ABCD ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម។ ទឹកដោះម្តាយមានជាតិទឹកបរិបូរណ៍ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។ ទឹកដោះម្តាយមានកងទ័ពការពាររាងកាយកុមារច្រើនអនេក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។

លោកស្រី ស្វាយ សារី បញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយបានពេញលេញអាចទប់ស្កាត់មរណៈភាពកុមារកម្ពុជាប្រហែល ១ ០៩៧ នាក់ជារៀងរាល់ឆ្នាំ និងការពារកុមារកម្ពុជាប្រហែល ៥០ម៉ឺននាក់ ពីជំងឺរាករួស និងជំងឺរលាកសួត ជារៀងរាល់ឆ្នាំ និងការពារកុមារពីជំងឺធាតុបានចំនួន ១១៥៤នាក់ ក្នុងមួយឆ្នាំ។

សូមជម្រាបថា អត្ថប្រយោជន៍ទឹកដោះម្តាយលើអាហារូបត្ថម្ភបានជួយដល់សេដ្ឋកិច្ចសង្គម ដោយកម្ពុជាអាចសន្សំថវិកា ១៣៧ លានដុល្លារក្នុងមួយឆ្នាំ ដោយការបំបៅកូនដោយទឹកដោះម្តាយ។ រៀងរាល់១ដុល្លារដែលបានចំណាយទៅលើការបំបៅកូនដោយទឹកដោះម្តាយនឹងបង្កើតផលចំណេញផ្នែកសេដ្ឋកិច្ចចំនួន៣៥ដុល្លារនៅថ្ងៃអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង