Cct850x100 1
1800px x h300px kh

និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបបារម្ភពីការកើនឡើង«ព័ត៌មានក្លែងក្លាយ»នៅបណ្តាញសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី ១០ (ASEFERT10)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបន្តបើកជាផ្លូវការ នៅរសៀលថ្ងៃទី ២៤ ខែ វិច្ឆិកានេះ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប។ក្នុងកិច្ចប្រជុំនោះ និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប បានបង្ហាញក្តីបារម្ភពីការកើនឡើងនៃ«ព័ត៌មានក្លែងក្លាយ» ជាពិសេសចេញពីនៅបណ្តាញសង្គម។

និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប បានមើលឃើញដូចគ្នាថា បច្ចុប្បន្ននេះព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយវាប៉ះពាល់ដល់សង្គមនៅគ្រប់កម្រិតថ្នាក់ ចាប់ពីបុគ្គលរហូតដល់ក្រុមនានា ដូចជា ទាក់ទងនឹងពូជសាសន៍ ភាសា និងសាសនា។ ព័ត៌មានក្លែងក្លាយ ក៏មានផលប៉ះពាល់លើបញ្ហាសកលលោកធំៗផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាសកល ដូចដែល យើងបានឃើញក្នុងអំឡុងពេលជំងឺកូវីដ-១៩ ស្រាប់ ។ 

បើតាមក្រុមអ្នកជំនាញ ប្រភពចម្បងដែលនាំឱ្យមាននូវព័ត៌មានក្លែងក្លាយ គឺកើតចេញពីបណ្តាញសង្គមនានាដូចជា ហ្វេសប៊ុក យូធុប តីកតុក ជាដើមដែលពេលខ្លះមានជាក្រុម ប្រជាពលរដ្ឋ និងក្រុមអ្នកនយោបាយមួយចំនួន ដើម្បីផលប្រយោជន៍អ្វីមួយ។បញ្ហានេះមានលក្ខណៈរឹតតែធ្ងន់ធ្ងរថែមទៀត ដោយសារតែការប្រើប្រាស់កាន់តែច្រើននូវមធ្យោបាយឌីជីថល និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។ 

ជាដំណោះស្រាយនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប បានលើកទឹកចិត្តដល់អ្នកព័ត៌មានវិជ្ជាជីវៈត្រូវបង្កើនការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬក៏ឆ្លើយតបភ្លាមៗនៅពេលស្រាវជ្រាវឃើញថា ព័ត៌មានដែលបានចេញផ្សាយ គឺព័ត៌មានក្លែងក្លាយប៉ះពាល់ដល់សង្គម។

សូមបញ្ជាក់ថា វេទិកាតុមូលនិពន្ធនាយកសារព័ត៌មាន ASEF ត្រូវបានរៀបចំធ្វើឡើងរៀងរាល់ ពីរឆ្នាំម្តង រួមជាមួយកិច្ចប្រជុំកំពូល ASEM គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអ្នកសារព័ត៌មាននិងរដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនានា ទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប ៕


Khcct banner

អត្ថបទទាក់ទង