Yearendyearend1140x150

វិស័យទេសចរណ៍ផ្តើមមានសង្ឃឹមវិញ ក្រោយទេសចរណ៍ក្នុងស្រុកកើនឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា 

ភ្នំពេញ៖ អ្នកធ្វើការក្នុងវិស័យទេសចរណ៍ផ្តើមមានសង្ឃឹមឡើងវិញ ក្រោយចលនាទេសចរណ៍ក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឱកាសពិធីបិណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅនេះ។ កំណើននេះធ្វើឱ្យមូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍ អាចត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា វិស័យទេសចរណ៍កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ជាង២ឆ្នាំមកហើយ ហើយម្ចាស់អាជីវកម្មទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាក៏មិនសង្ឃឹមថា នឹងអាចបើកដំណើរការអាជីវកម្មវិញបានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ ដែលជាឱកាសឈប់សម្រាកបានជម្រុញឱ្យភ្ញៀវទេសចរក្នុងស្រុកជាច្រើន ចេញដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។

ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះបានបង្ហាញថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍មានសង្ឃឹមឡើងវិញ ក៏ដូចជាត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។ នេះបើតាមការលើកឡើងរបស់លោកស្រី។

លោកស្រីបន្ថែមថា កម្ពុជាក៏បានត្រៀមបើកផ្ទៃប្រទេសជាមួយលក្ខខណ្ឌតិចបំផុតនៅក្នុងការទទួលនូវភ្ញៀវទេសចររទេសដែលចាក់វ៉ាក់សាំងរួចផងដែរ។ ជាបទពិសោធន៍ សកម្មភាពឬសេវាកម្មនានាដែល កម្ពុជាបានផ្តល់ជូនភ្ញៀវទេសចរក្នុងស្រុក គឺជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ បានហ្វឹកហាត់ជំនាញវិជ្ជាជីវៈខ្លួនឱ្យកាន់តែល្អប្រសើរឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខនេះ។

លោកស្រីបន្តថា សមាគមទេសចរណ៍ក៏បានត្រៀមរួចរាល់ក្នុងការទទួលដៃគូមកធ្វើទស្សនកិច្ចសិក្សាដើម្បីពិនិត្យមើលផលិតផលសេវាកម្មថ្មីៗ ក៏ដូចជាសេវាកម្មចាស់ ឱ្យរក្សាបាននូវគុណភាព និងបង្កើតការជឿជាក់ថា គុណភាពនៅតែបន្តមាន បើទោះបីជាកម្ពុជាបានទទួលរងផលប៉ះពាល់ពីកូវីដ-១៩ក៏ដោយ។

គួរបញ្ជាក់ថា រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់។ ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ ៩១១,១៤៧នាក់តែប៉ណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង