Yearendyearend1140x150

ត្រីមាសទី១កម្ពុជាទទួលបាន«ភ្ញៀវទេសចរអន្តរជាតិ»ជាង១,៥លាននាក់ ហើយថៃឈរនៅលំដាប់ទី១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួន ១,៥៨២,៦៧៧នាក់ កើនឡើង ២២.៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរជាង១,៥លាននាក់នោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ១៨៩,៩៦១នាក់ តាមពីក្រោយទេសចរថៃដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេគឺ ៤១៩,៧៨១នាក់។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ទីផ្សារទាំង១០ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាច្រើនជាងគេរួមមាន៖ ថៃ ៤១៩,៧៨១នាក់, វៀតណាម ២៩៩,៣៩១នាក់, ចិន ១៨៩,៩៦១នាក់, ឡាវ ៩០,១៧១នាក់, អាម៉េរិក ៦៦,៧៥២នាក់, កូរ៉េ ៦៦,៤៩៨នាក់, បារាំង ៤៣,៦៦១នាក់, អង់គ្លេស ៣៨,៥៥៨នាក់, ឥណ្ឌូនេស៊ី ៣៧,៩១៤នាក់, និង ជប៉ុន ៣២,១៤៨នាក់។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រទេសចិនឈរនៅលំដាប់ថ្នាក់ទី៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនពីចិនបានឡើយ។ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និងវិនិយោគិនចិនតាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ និងវិនិយោគិននៅកម្ពុជា។

លោកបន្តថា កំណើនទេសចរចិនគឺជាកាលានុវត្តន៍ដ៏សំខាន់ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដែលកម្ពុជានិងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្តនិងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែមេសានេះ បានសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រៀបចំព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុណល្បុក្កតោនៅអង្គរ ដើម្បីបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងគ្នា ក៏ដូចជាគន្លឹះក្នុងការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញទេសចររវាងគ្នាឱ្យបានកាន់តែច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង