Yearendyearend1140x150

កម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

រាជធានីបាងកក៖ រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព។ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាឱកាសពិភាក្សាករារងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកជំទាវ អាមីដា សាលស៊ីយ៉ាអាលីសចាបាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ីប៉ាស៊ីហ្វិក (ESCAP) ក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកជំទាវ អាមីដា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។

ទន្ទឹមនោះ សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញនូវការប្ដេជា្ញចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និង គណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង