Cct850x100 1
1800px x h300px kh

សិល្បៈចម្រុះចំនួន២២ទម្រង់នឹងបង្ហាញខ្លួនក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សិល្បៈខ្មែរ និងបរទេសចំនួន២២ទម្រង់ នឹងលើកយកមកបង្ហាញនៅក្នុងកម្មវិធីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ មហោស្រពនេះ នឹងប្រព្រឹត្តទៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អបអរសាទរក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកានេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត គីម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចត្រសិល្បៈ បានឱ្យដឹមហោស្រពនេះ នឹងបង្ហាញពីសកម្មភាពសិល្បៈចម្រុះរវាងទ្វីបអាស៊ីនិងអឺរ៉ុបធំៗចំនួនបី គឺបង្ហាញពីសិល្បៈទស្សនីយភាព រួមមានរបាំប្រពៃណី របាំបុរាណ របាំសហសម័យ តន្រ្តី និងល្ខោនជាដើម។ ផ្នែកទីពីរគឺការតាំងពិព័រណ៌ ដែលមានការតាំងគំនូរស្នាដៃរបស់សិល្បករផ្សេងៗទាំងក្នុងនិងក្រៅស្រុក និងផ្នែកទីបី ជាការបញ្ចាំងខ្សែរភាពយន្តរឿងខ្នាតវែង ខ្សែរភាពយន្តរឿងខ្នាតខ្លី និងខ្សែរភាពយន្តឯកសារ។

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ ក្រោមចំណងជើងថាអាស៊ីនិងអឺរ៉ុប« ចំណងវប្បធម៌» ក្នុងនោះមានព្រឹត្តិការណ៍ជា៣០ មានសិល្បករអាស៊ីនិងអឺរ៉ុបជាង ១០០នាក់និងបង្ហាញពីភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៊ីនិងអឺរ៉ុប តាមរយៈការសម្ដែងល្ខោន របាំ តន្ត្រី ការតាំងពិព័រណ៍ និងការជជែកពិភាក្សា។

យ៉ាងណាមិញ ព្រឹត្តិការណ៍បើកមហោស្របជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ និងមានការបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយដែលមានចំណងជើងថា«កម្ពុជាលំអរដោយវប្បធម៌ចម្រុះ» ដែលមានការសំដែងរបាំបុរាណប្រជាប្រិយ និងសហសម័យ ដែលសម្ដែងដោយសិល្បករខ្មែរនិងសិល្បករនៃបណ្ដាប្រទេសដៃគូASEMផងដែរ។ ការសម្ដែងរួមមាន របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវរបាំប្រជាប្រិយបង្ហាញពីពិធីគោរពសែនព្រេនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់ របាំបុកល័ក្ខជាការជារបាំបង្ហាញពីក្ដីស្រឡាញ់ រីឯរបាំស្រូវជារបាំសហសម័យខ្មែរដែលបង្ហាញពីថាមពលស្វាហាប់និងភាពវិជ្ជមានរបស់យុវជនកម្ពុជា ចំណែកឯចម្រៀងអូប៉េរ៉ានៃក្រុមម៉ូហ្សាតនៅអង្គរ ដែលជាស្នាដៃបង្ហាញពីភាពជាដៃគូអាស៊ីអឺរ៉ុបតាមរយៈមធ្យោបាយសិល្បៈនិងរបាំទង់ជាតិអាស៊ីអឺរ៉ុប។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ៥ ថ្ងៃនៃមហោស្រព ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ព្រឹត្តិការណ៍សិល្បៈតំណាងឱ្យដៃគូអាស៊ីអឺរ៉ុបជា ២០ រួមមានការសម្ដែងរបាំ ល្ខោន ការប្រគំតន្ត្រី សិល្បៈសូនរូប ការតាំងពីពណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករនិងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.asemculturalfestival.com ចំណែកឯកម្មវិធីផ្ទាល់នៅនឹងកន្លែងនៃមហោស្រពនេះ មានការតាំងពិព័រណ៍សិល្បៈចំនួន ៦គម្រោងរៀបចំនៅសារមន្ទីរជាតិ មានការបញ្ចាំងខ្សែភាពយន្តចំនួន ៤ នៅរោងភាពយន្ត major cineplex រាជធានីភ្នំពេញ។

សូមជម្រាបជូនថា មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបនេះ ធ្វើឡើងជារៀងរាល់ឆ្នាំដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឬកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីអឺរ៉ុប។ ព្រឹត្តិការណ៍នេះបង្កើតបានជាការខិតខំស្វែងរកសក្តានុពលដ៏ធំសម្បើម និងមានភាពស៊ីសង្វាក់គ្នា ដែលកិច្ចសហប្រតិបត្តិការអន្តវប្បធម៌ និងកិច្ចសហការបង្កើតស្នាដៃសិល្បៈរវាងទ្វីបទាំងពីរដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏លេចធ្លោមួយនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអឺរ៉ុប។ មហោស្រពនេះក៏មានគោលបំណងបង្កើនការយល់ដឹងអំពីដំណើរការកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដល់សហគមន៍សិល្បៈនៃតំបន់ទាំងពីរនិងសាធារណជនទូទៅ ក៏ដូចជា បង្ហាញអំពីទស្សនៈ និងគុណតម្លៃរបស់អាស៊ីអឺរ៉ុបដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងទ្វារទាំងពីរផងដែរ៕

Khcct banner

អត្ថបទទាក់ទង