Cct850x100 1
1800px x h300px kh

រដ្ឋមន្ត្រីវៀតណាមម្នាក់បរិភោគសាច់គោស្រោបមាស រងការរិះគន់ពីពលរដ្ឋ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam កំពុងបរិភោគសាច់គោស្រោបមាស ក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងឡុងដ៍។
រូបភាព៖ CNA 

ទីក្រុងឡុងដ៍៖ តាមរយៈវីដេអូមួយ បានបង្ហាញឱ្យឃើញថារដ្ឋមន្ត្រីវៀតណាមដ៏មានឥទ្ធិពលម្នាក់ កំពុងរីករាយនឹងការហូបសាច់គោស្រោបដោយមាស នៅក្នុងភោជនីយដ្ឋានដ៏ប្រណិតមួយក្នុងទីក្រុងឡុងដ៍។ទង្វើនេះ បានធ្វើឱ្យមានការរិះគន់ពីប្រជាជនក្នុងប្រទេសតាមរយៈអនឡាញ ស្របពេលពលរដ្ឋវៀតណាមជាមធ្យមរកប្រាក់ចំណូលបានប៉ុន្មានដុល្លារក្នុងមួយថ្ងៃ។

បើតាមការចុះផ្សាយរបស់ការសែតស៊ីអិនអេ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam ត្រូវបានគេមើលឃើញថាកំពុងមកបរិភោគសាច់អាំងនៅភោជនីយដ្ឋានដ៏ប្រណិតមួយឈ្មោះ Nusr-Et Steakhouse ក្នុងតំបន់អ្នកមានស្តុកស្ដុមឈ្មោះ Knightsbridge ។

បើតាមប្រភពដដែល Nusr-Et ជាឈ្មោះហាងដាក់តាមមេចុងភៅជនជាតិទួរគី Nusret Gokce ដែលមានស្គាល់នៅក្នុងបណ្ដាញ Instagram ជិត៤០ លាននាក់។ ហាងរបស់គាត់ បម្រើសេវាកម្មសាច់អាំងដែលរុំដោយស្លឹកមាស២៤ ការ៉ាត់ ដែលមានតម្លៃជាង១,០០០ ដុល្លារអាមេរិក។

យ៉ាងណាមិញ វីដេអូឃ្លីបរបស់រដ្ឋមន្រ្តីវៀតណាម ដែលដើមឡើយបង្ហោះដោយភោជនីយដ្ឋាន មុនពេលត្រូវបានដកចេញ បានរីករាលដាលពេញបណ្ដាញសង្គម TikTok និង Facebook ក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា។

ចំពោះការបង្ហោះវីដេអូនោះ ធ្វើឱ្យមានការខឹងសម្បារចំពោះភាពសកម្មភាពបែបនេះ ខណៈពេលដែលប្រទេសវៀតណាមជួបការលំបាកបន្ទាប់ការឆ្លងរីករាលដាលដោយជំងឺកកូវីដ១៩ ដែលបានធ្វើឱ្យខាតបង់ការងាររាប់មិនអស់ និងបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាម(GDP) ។

ទន្ទឹមនឹងនេះ លោក Pham Viet Duc បានសរសេរនៅលើ Facebook ថា “ប្រជាជនកំពុងប្រឈមមុខនឹងការលំបាកខ្លាំងដោយសារជំងឺរាតត្បាត ប៉ុន្តែរដ្ឋមន្រ្តីរូបនេះកំពុងសោយសុខនឹងអាហារក្នុងហាងល្បីលំដាប់ពិភពលោក”។

លោក Pham Viet Ducបានបន្តថា រដ្ឋាភិបាលតែងតែត្អូញត្អែរពីការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែពួកគេលួចលុយរបស់ប្រជាជនសម្រាប់ជីវិតដ៏ប្រណីតនេះ ធ្វើដូចថ្ងៃស្អែកមិនមកដល់”។

សូមជម្រាបជូនថា យោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសនេះបានឱ្យដឹងថា ពលរដ្ឋវៀតណាមជាមធ្យមទទួលបានប្រាក់ចំណូលប្រចាំខែប្រហែល១៨៤ ដុល្លារអាមេរិកក្នុងឆ្នាំ២០២០។

យ៉ាងណាមិញ វាមិនច្បាស់ទេថាវីដេអូនេះត្រូវបានថតនៅពេលណា ប៉ុន្តែលោក Lam ស្ថិតនៅក្នុងប្រទេសអង់គ្លេសសម្រាប់សន្និសីទស្តីពីអាកាសធាតុ COP២៦ ហើយបានជួបរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេសកាលពីថ្ងៃចន្ទ។

Khcct banner

អត្ថបទទាក់ទង