Cct850x100 1
1800px x h300px kh

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមនឹងកើនឡើងលើស ១១,៨ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វិស័យ e-commerce នៅវៀតណាម។ 

វៀតណាម៖ អ្នកជំនាញបានព្យាករណ៍ថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (e-commerce) នឹងបន្តកើនឡើងលើស ១១,៨ពាន់លានដុល្លារ ក្រោយពេលការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ជាមួយនឹងប្រាក់ចំណូលកើនឡើងលើសពីតួលេខកាលពីឆ្នាំមុន។នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាមផ្លឹស។ 

បើតាមអ្នកជំនាញនៅក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចឌីជីថលវៀតណាមក្នុងក្របខ័ណ្ឌ Techfest Vietnam 2021 បានឲ្យដឹងថា ប្រាក់ចំណូលរបស់ E-commerce នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១១,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលមាន ប្រមា ១៨ ភាគរយ។

លោកស្រី Nguyen Thi Thanh Thuy ប្រធានផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៃ Voso E-commerce Platform បាននិយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមត្រូវបានបានកត់ត្រាថាមានអត្រាកើនឡើងលឿនជាងគេនៅអាស៊ីអាគ្នេយ៍។

វិស័យនេះត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើនបន្ទាប់ពីជំងឺរាតត្បាត COVID-19អាចគ្រប់គ្រងបាន ដោយបង្កើតនិន្នាការនៃការប្រើប្រាស់ថ្មី។ តម្រូវការសម្រាប់ការទិញតាមអ៊ីនធឺណិតតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត។

រហូតមកដល់ពេលនេះ ប្រជាជនវៀតណាមជាង ៧០ភាគរយបានប្រើប្រាស់អ៊ីនធឺណិត ដែលក្នុងនោះ ជិត៥០ភាគរយនៃអ្នកប្រើប្រាស់បានសាកល្បងទិញទំនិញតាមអ៊ីនធឺណិត ហើយ ៥៣ភាគរយនៃពួកគេបានប្រើប្រាស់កាបូបអេឡិចត្រូនិច (E-Wallet) និងការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត។

ចំណែកលោក Tran Chi Dung ប្រធានផ្នែកបច្ចេកវិទ្យា-នវានុវត្តន៍នៃសមាគមធុរកិច្ចភស្តុភារវៀតណាមបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទម្លាប់នៃការដើរទិញឥវ៉ាន់បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ e-commerce ដើម្បីអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការជឿទុកចិត្តរបស់អ្នកប្រើប្រាស់នៅពេលទិញផលិតផលអនឡាញ ទម្រង់នៃការដឹកជញ្ជូន និងការទូទាត់ សន្តិសុខព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ដោយឡែកប្រធានផ្នែកលក់ប្រៃសណីយ៍ E-commerce នៃប្រៃសណីយ៍វៀតណាម លោក Le Thi Mai Anh បានលើកឡើងថា ការរីកចម្រើននេះនឹងមិនត្រឹមតែនាំមកភាពវិជ្ជមានតែមួយមុខប៉ុណ្ណោះទេ តែក៏បានចោទបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍផ្នែកដឹកជញ្ជូន ដើម្បីបំពេញការកើនឡើងនៃតម្រូវរបស់អតិថិជន និងទីផ្សារ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ មានអាជីវកម្មប្រហែល ១១ភាគរយប៉ុណ្ណោះ ដែលកំពុងអនុវត្តបច្ចេកវិទ្យាព័ត៌មានមូលដ្ឋានទាក់ទងនឹងការតាមដាន ការដឹកជញ្ជូនទំនិញ និងប្រព័ន្ធគ្រប់គ្រងឃ្លាំងទំនិញ។ ចំណែកបញ្ហាប្រឈមមួយផ្សេងទៀតគឺ អវត្ដមាននៃក្របខ័ណ្ឌច្បាប់សម្រាប់ភស្តុភារពាណិជ្ជកម្មអេឡិចត្រូនិក។

ពាក្យទាក់ទង: វៀតណាម e-commerce
Khcct banner

អត្ថបទទាក់ទង