Cct850x100 1
1800px x h300px kh

ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាឱកាសកម្ពុជានាំចេញទៅកូរ៉េ បន្ទាប់ពីទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦តុលា បានចុះ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី»ជាផ្លូវការ។

ភ្នំពេញ៖ កម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ តុលា បានចុះ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី»ជាផ្លូវការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានអ្នកជំនាញយល់ឃើញថា ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងទី២ បន្ទាប់ពីបានធ្វើជាមួយចិន កាលពីពេលកន្លងទៅ។ តាមរយៈកិច្ចព្រមព្រៀងនេះ ជាឱកាសមួយទៀតរបស់កម្ពុជាក្នុងការបើកទីផ្សារនាំចេញទៅកូរ៉េ បន្ទាប់ពីទីផ្សារចិន។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញខាងសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ គឺជាការបើកច្រកទីផ្សារបន្ថែមមួយទៀត បន្ទាប់ទីផ្សាររបស់ចិន។ លោកបណ្ឌិត បន្តថាទីផ្សាររបស់កម្ពុជាដែលកន្លងមកគឺជាទីផ្សារមានដែនកំណត់។ ចំពោះវិស័យកសិកម្មកន្លងមកកម្ពុជាលក់បានតែតាមប្រទេសជិតខាង ហើយមានការនាំចេញបន្តិចបន្តួចទៅកូរ៉េ ជប៉ុន និងអាឡឺម៉ង់។

ចំណែកឯ ទីផ្សារវិស័យកាត់ដេរ និងគ្រឿងបន្លាស់មួយចំនួនក៏បាន នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារតែមួយគត់របស់កម្ពុជា។ ដូច្នេះការបើកច្រកទៅកាន់ប្រទេសកូរ៉េ គឺឱកាសមួយទៀតរបស់កម្ពុជាក្នុងការបើកទីផ្សារនាំចេញបន្ថែមទៀត។

លោកបណ្ឌិត លើកឡើងថា កម្ពុជាអាចមានលទ្ធភាពមួយចំនួនធំដើម្បីនាំចេញទៅទីផ្សារកូរ៉េ ដូចជាវិស័យកាត់ដេរ ស្បែកជើង វាយនភណ្ឌ កាបូប គឺមានលទ្ធភាពគ្រប់គ្រាន់រួចហើយ កន្លងមកកម្ពុជាធ្លាប់បាននាំចេញទៅអាមេរិក និងអឺរ៉ុបទៀតផង។

ចំណែកវិស័យដែលកម្ពុជាមិនទាន់រួចរាល់នោះ គឺវិស័យកសិកម្ម ទី១គឺបញ្ហាបច្ចេកទេស ទី២បញ្ហាកសិកម្មមិនទាន់មានការប្រមូលផ្តុំ ទី៣គឺនៅបញ្ហាភូតគាមអនាម័យនេះ គឺជាកិច្ចព្រមព្រៀងមួយបំពេញបន្ថែមទៅលើរបាំងមិនមែនពន្ធគយ ព្រោះការធ្វើពាណិជ្ជកម្មសេរីគឺការផ្តល់របាំងពន្ធគយ មានន័យថា ការលើកលែងរបាំងពន្ធ គឺនៅសល់របាំងមួយទៀតគឺរបាំងមិនមែនពន្ធ គឺតាមរយៈភូតគាមអនាម័យ ដូច្នេះទាមទារឲ្យកម្ពុជាត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យរបស់ប្រទេសកូរ៉េ ទើបកម្ពុជាអាចនាំផលិតផលកសិកម្មទៅបាន។

ចំពោះលោកបណ្ឌិត យល់ឃើញថា ដើម្បីជំរុញការនាំចេញឲ្យកាន់តែខ្លាំងក្លា គឺកម្ពុជាត្រូវត្រៀមនូវកម្លាំងពលកម្មប្រកបដោយជំនាញគឺត្រូវតែមានការបណ្តុះបណ្តាល ហើយត្រូវត្រៀមបច្ចេកទេសក្នុងការផលិត។ ទី២អ្វីដែលកម្ពុជាត្រូវត្រៀមនោះគឺការសិក្សាទៅលើកត្តាភូតគាមអនាម័យ និងការសុំឲ្យខាងភាគីកូរ៉េអាចទទួលយកនូវផលិតផលរបស់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងភូតគាមអនាម័យ។ ទី៣ កម្ពុជាត្រូវជំរុញឲ្យមានការវិនិយោគពីបរទេស ជាពិសេសគឺប្រទេសកូរ៉េ ដើម្បីឲ្យបានដឹងថាតើនៅខាងកូរ៉េគេត្រូវការបែបណា។ ការវិនិយោគរបស់កូរ៉េក៏បានផ្តល់នូវមូលធុនបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កម្ពុជានឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀតមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីផលិតនាំចេញទៅប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងនេះ។ កម្ពុជាមួយមិនអាចផលិតហើយកែច្នៃនាំទៅកូរ៉េ ប៉ុន្តែនៅពេលកម្ពុជាមានកិច្ចព្រមព្រៀង បណ្តាប្រទេសដែលនាំចេញទៅកូរ៉េ ឬចិន ដែលកម្ពុជាមានពាណិជ្ជកម្មសេរីនេះ គេនឹងមកវិនិយោគមកកម្ពុជា ដើម្បីនាំទៅប្រទេសដែលមាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោកឧកញ៉ា លើកឡើងថា កម្ពុជាមានលទ្ធភាពនាំចេញ និងនាំចូលពីកូរ៉េដូចគ្នា ព្រោះប្រទេសកម្ពុជាមិនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់កែច្នៃ ដើម្បីធ្វើការនាំចេញទៅបណ្តាប្រទេសផ្សេងៗ ដូច្នេះវាទាមទារនៅវត្ថុធាតុដើមខ្លះ ក៏ត្រូវតែមានការនាំចូលតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហើយប្រសិនបើមានការនាំចូលវត្ថុធាតុដើមដែលរួចពន្ធច្រើន ការកែច្នៃវត្ថុធាតុដើមក្នុងស្រុកនឹងមានការកើនឡើង។

លោកឧកញ៉ា យល់ឃើញថា ដើម្បីត្រៀមខ្លួនក្នុងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ កម្ពុជាត្រូវត្រៀមធនធានមនុស្ស ហើយទីតាំងសម្រាប់ទទួលអ្នកវិនិយោគ។ ប៉ុន្តែអ្វីដែលសង្គេតឃើញនោះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលបានត្រៀមរួចហើយនៅច្បាប់វិនិយោគថ្មីសម្រាប់ទាក់ទាញការវិនិយោគនៅកម្ពុជាមានដូចជា ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ភាពជាដៃគូរដ្ឋ និងឯកជន ហើយទន្ទឹមពេលកម្ពុជាបានចាក់វ៉ាក់សាំងគ្របដណ្តប់ទូទាំងប្រទេស ដែលអាចធានាសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា បានទាំងអ្នកវិនិយោគ នេះគឺជាចំណុចមួយទៀតដែលទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង