Cct850x100 1
1800px x h300px kh

វៀតណាមជាប្រទេសទិញ«កសិផល»ច្រើនជាងគេពីកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
រូបភាព៖ ក្រសួងកសិកម្ម  

ភ្នំពេញ៖រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស មានកំណើនចំនួន ៨៩,៦៨% បើធៀបនេះឆ្នាំ២០២០។ហើយប្រទេសវៀតណាម ប្រទេសទិញ«កសិផល»ច្រើនជាងគេពីកម្ពុជា។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា កើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាសម៍ថា ការនាំចេញកន្លងមកឃើញថាការបញ្ជាទិញពីភាគីវៀតណាមច្រើនជាងគេ ខណៈវៀតណាមកំពុងតែធ្វើដំណើរការកំណែទម្រង់កសិកម្ម។ ហើយផលិតផលកសិកម្មមួយចំនួនដែលវៀតណាមទិញពីកម្ពុជាគឺដើម្បីបង្រ្គប់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង។

ឯកឧត្តម វេង សាខុន ថ្លែងថា សព្វថ្ងៃនេះ កម្ពុជាក៏បាននាំចេញទាំងវត្ថុធាតុដើម ដោយប្រមូលផលហើយនាំចេញតែម្ដងដោយមិនទាន់បានកែច្នៃនៅឡើយទេ។ដូច្នេះសម្រាប់ផលិតផលដែលកែច្នៃរួចកម្ពុជាមិនទាន់បាននាំចេញទេ។

រយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៩១ ៩២៩ ៩៥០ដុល្លារអាមេរិក, ការនាំចេញស្រូវមានចំនួន ៣៩៣ ២១៩ ៧៥០ដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក។

ក្រសួងកសិកម្ម ថានឹងប្រឹងប្រែងបន្តទៀតក្នុងការកែច្នៃផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅក្រៅប្រទេសឱ្យច្រើនជាង១២%ក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕

Khcct banner

អត្ថបទទាក់ទង