Yearendyearend1140x150

កម្ពុជាពុំទាន់ជោគជ័យក្នុងការបង្កើតឱ្យមានភាពពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍”

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ @សហការី

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៨ កក្កដានេះ កម្ពុជាមានចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសប្រមាណជាង៧០ភាគរយ។ប៉ុន្តែចំនួននេះ មិនទាន់នាំឱ្យកម្ពុជា សម្រេចបានដោយជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍” សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅឡើយទេ។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជា ពុំទាន់ឈានដល់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍យ៉ាងណាក្តី ប៉ុន្តែការឆ្លងរាលដាលនៅមិនទាន់បានថមថយ និងនៅតែបន្តកើនឡើងក្នុងកម្រិតមួយសកម្ម ដែលជាបញ្ហាប្រឈមដ៏គួរឱ្យបារម្ភ។

បើតាមរាជរដ្ឋាភិបាល ក្នុងរយៈពេលចុងក្រោយនេះ ការរកឃើញក្នុងចំនួនកាន់តែច្រើនឡើងនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក គឺជាកង្វល់ដ៏ធំ និង ជាការគំរាមកំហែងជាប់ជាប្រចាំដល់កម្ពុជា ដោយសារមេរោគប្រភេទថ្មីនេះ មានកម្រិតនៃការឆ្លងរាលដាលលឿន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន ហើយហានិភ័យបានឈានដល់កម្រិតខ្ពស់គួរឱ្យបារម្ភ។

រាជរដ្ឋាភិបាលកម្ពុជា បានសង្គត់ធ្ងន់ថា បច្ចុប្បន្នេះប្រទេសកម្ពុជាមិនទាន់សម្រេចបានជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍” សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅឡើយទេ ដោយសារយុទ្ធនាការជាតិចាក់វ៉ាក់សាំងពុំទាន់ត្រូវបានបញ្ចប់ ហើយការឆ្លងរាលដាលនៅមិនទាន់បានថមថយនៅឡើយ។ដូច្នេះរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ "យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាថ្មី។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៧,០៤៣,៩៦៩ នាក់ ស្មើនឹង ៧០,៤៤ ភាគរយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា។រដ្ឋាភិបាលនៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្តការពារខ្លួនជាប្រចាំ បើទោះបីចាក់វ៉ាក់សាំងកូវីដហើយក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង