Yearendyearend1140x150

គណៈកម្មការទី៧រដ្ឋសភា៖ការផ្តល់«វ៉ាក់សាំងកូវីដដល់កុមារ»ជាជំហានទៅបើកសាលាឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណៈកម្មការទី៧នៃរដ្ឋសភា ចុះពិនិត្យសាលារៀនកន្លងទៅ។រូបភាព៖គណៈកម្មការទី៧នៃរដ្ឋសភា  

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមបើកដំណើរការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យក្រោម ១៨ឆ្នាំ ក្នុងពេលឆាប់ៗនេះ។គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានគាំទ្រទាំងស្រុងចំពោះការប្រកាសនេះ ព្រោះថាវានឹងបង្កើនលទ្ធភាពកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ។

គណៈកម្មការទី៧នៃរដ្ឋសភា បានគាំទ្រចំពោះការដាក់ចេញជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនូវយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបនានា នាពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដឹកនាំ វាយតម្លៃយ៉ាងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពរបស់កម្ពុជាលើគ្រប់ទិដ្ឋភាព មិនថាលើវិស័យសុខភាពសាធារណៈ អប់រំ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។

បើតាមគណៈកម្មការទី៧ ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ គឺជាវិធានការមួយបន្ថែមទៀតដែលនឹងចូលរួមលើកកម្ពស់សុខភាព និងការបង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដល់កុមារ និង យុវវ័យនៅក្នុងសហគមន៍ ដោយធានាបាននូវការបន្ថយក្តីបារម្ភរបស់អាណាព្យាបាលសិស្សផង និងការឈានទៅដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពស្របតាមគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាផង។ 

គណៈកម្មការទី៧ សង្កត់ធ្ងរថា "ការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ច និងសង្គមវិលទៅរកភាពប្រក្រតីឡើងវិញស្របទៅតាមបរិបទថ្មី ដោយកុមារ និងយុវជនកម្ពុជាបន្តទទួលបានការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព មានសុខភាពល្អទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះ ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនលទ្ធភាពកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ ក្រោយពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់"។

យោងតាមសារជាសំឡេងដែលបានថ្លែងចេញជាសាធារណៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកុមារ និង យុវវ័យក្រោម១៨ឆ្នាំ មានប្រមាណ១លាន ៩សែននាក់ ហើយរាជរដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត ដើម្បីចាក់ជូនដល់កុមារ។

បើតាមសម្តេច ហ៊ុន សែន បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកវ៉ាក់សាំងបន្ថែម ហើយសម្តេចបានស្នើសុំទៅភាគីពាក់ព័ន្ធត្រូវថែរក្សាវ៉ាក់សាំងដែលមានស្រាប់ ហើយពេលទទួលបានវ៉ាក់សាំងរដ្ឋាភិបាលនឹងចាប់ផ្តើមចាក់ជូនដល់កុមារ និងយុវវ័យនៅភ្នំពេញ និង ខេត្តកណ្តាលមុខគេ។

សម្តេច ហ៊ុន សែន បានអំពាវនាវដល់មាតាបិតាសូមត្រៀមខ្លួន ដើម្បីនាំកូនៗទៅទទួលចាក់វ៉ាក់សាំង ហើយសាលារាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួនដំណើរការផែនការនេះ។ចំពោះការចាក់នេះមិនមានការបង្ខិតបង្ខំនោះទេ តែសម្តេចមើលឃើញថា ប្រជាពលរដ្ឋបានជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង