Yearendyearend1140x150

«ខ្លាឃ្មុំធំ»ប្រភេទសត្វកម្រជិតផុតពូជ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សត្វខ្លាឃ្មុំធំ (Asiatic black bear ) ថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិ ។ ប្រភព ក្រសួងបរិស្ថាន 

ភ្នំពេញ៖ សត្វខ្លាឃ្មុំធំ (Asiatic black bear ) ដែលជាប្រភេទសត្វកម្រជិតផុតពូជកំពុងមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភត្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យនៃក្រសួងបរិស្ថាន។

កាលពីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ របស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វខ្លាឃ្មុំធំ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជាតាមរយៈរូបភាពដែលបាន មកពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ ប៉ុន្តែគេ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វខ្លាឃ្មុំធំប៉ុន្មានក្បាលដែលកំពុងមានវត្តមាននៅកម្ពុជានោះទេ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ការរកឃើញវត្តមាននៃសត្វខ្លាឃ្មុំធំនេះគឺពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ជីវៈចម្រុះ។ តាមរយៈទិន្នន័យនេះនឹងជាមូលដ្ឋានសម្រាប់មន្ត្រីជំនាញនៃក្រសួងបរិស្ថានសិក្សារៀបចំក្នុងការបែងចែកតំបន់ និងការរៀបចំផែនការសម្រាប់ការពារនិងអភិរក្សសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។

ឯកឧត្តមបានថ្លែងថា តាមរយៈទិន្នន័យរូបភាពដែលប្រមូលបាន វត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃដែលថតបានជាព័ត៌មានដ៏គួរឱ្យរីករាយព្រោះប្រភេទសត្វកម្រៗមួយចំនួនដែលពិភពលោកជិតបាត់បង់ពូជតែមានវត្តមាននៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថដាន បានបញ្ជាក់ថា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។

ឯកឧត្តមនេត្រ ភក្ត្រា បានលើកឡើងថា សត្វខ្លាឃ្មុំទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។ យោងតាមការសិក្សា ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស។

សូមជម្រាបជូនថា ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) គឺស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ ត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង