Cct850x100 1
1800px x h300px kh

សមាគមវារីវប្បករ៖ “អ្នកចិញ្ចឹមត្រីខ្នាតតូចប្រមាណ៥០ភាគរយក្ស័យធនដោយសារគ្មានអ្នកទិញ”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ សមាគមវារីវប្បករនៅកម្ពុជា

ភ្នំពេញ៖ ស្ថានភាពននៃការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងវិបត្តិកូវីដ១៩ សមាគមកសិករចិញ្ចឹមត្រីបានជួបនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែពិបាកក្នុងការរកទីផ្សារលក់ក្នុងស្រុក ខណៈការនាំចូលត្រីពីវៀតណាមមកកម្ពុជាមានច្រើន ដែលជាហេតុធ្វើឲ្យមានការប្រកួតប្រជែងទីផ្សារលក់របស់ប្រជាកសិករខ្មែរ។ នេះបើតាមការលើកឡើងរបស់លោក ឡែមភូរ សុថាវរិទ្ធ ជាអ្នកនាំពាក្យរបស់សមាគមវារីវប្បករនៅកម្ពុជា។

លោក ឡែមភូរ សុថាវរិទ្ធ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះស្ថានភាពចិញ្ចឹមត្រីនៅកម្ពុជា គឺមានផលប៉ះពាល់ខ្លាំងទៅលើទីផ្សារលក់នៅក្នុងស្រុក។ កត្តាទី១ដោយសារនៅរដូវកាលត្រីដល់ពេលត្រូវលក់ តែមិនមានឈ្មួញមកទិញ រីឯតម្លៃលក់ចេញថោកជាងតម្លៃដើមផលិត។ ចំណែកមូលហេតុដែលមិនមានទីផ្សារ គឺបញ្ហាកូវីដ ធ្វើឲ្យ ទីផ្សាររួមតូច ភោជនីយដ្ឋាន ពិធីបុណ្យទានត្រូវបានបិទ ភោជនីយដ្ឋានតាមកន្លែងកម្សាន្តត្រូវបានបិទ។ ដូច្នេះការប្រើប្រាស់ត្រីមានចំនួនតិច ពោលមានតែតម្រូវការអ្នកបរិភោគតាមគ្រួសារធម្មតាតិចតួចប៉ុណ្ណោះ។

លោក ឡែមភូរ សុថាវរិទ្ធ បានបន្តថា កត្តាទី២ដែលធ្វើឲ្យកសិករចិញ្ចឹមត្រីនៅកម្ពុជាពិបាករកទីផ្សារលក់ក្នុងស្រុក គឺដោយសារតែការនាំចូលត្រីពីវៀតណាមមកកម្ពុជានៅតែមានដដែល ដែលជាហេតុធ្វើឲ្យមានការប្រកួតប្រជែងទីផ្សារលក់របស់ប្រជាកសិករខ្មែរ។ ចំណែកតម្លៃនៃការលក់ត្រីដែលកសិករកម្ពុជាគឺលក់នៅតម្លៃដដែល ប៉ុន្តែត្រីរបស់វៀតណាមដែលនាំចូលមានតម្លៃធូរថ្លៃជាង ដោយសារប្រទេសវៀតណាមមានតម្លៃអគ្គិសនីថោក ទាំងពូជនិងចំណីត្រីគឺផលិតនៅវៀតណាម។

បើតាមលោក ឡែមភូរ សុថាវរិទ្ធ បានបញ្ជាក់ថា កាលណាមានការនាំចូលត្រីពីប្រទេសវៀតណាមច្រើន ធ្វើឲ្យត្រីនៅប្រទេសកម្ពុជាចាល់ លក់មិនកើត ដោយសារតែអ្នកដែលចែកចាយជលផលយកពីវៀតណាមដែលមានតម្លៃថោកជាងត្រីចិញ្ចឹមនៅកម្ពុជា។ ហើយដោយសារតែផលប៉ះពាល់ទាំងនេះ ទើបធ្វើឲ្យកសិករខាតបង់ និងក្ស័យធន មិនអាចប្រកបរបរចិញ្ចឹមត្រីនេះតទៀតបានទេ។ ជាទូទៅក្នុងសមាគមវារីប្បករនៅកម្ពុជាមានសមាជិកចំនួន៣៣០នាក់នោះ ខាតបង់ស្ទើរតែទាំងស្រុង។ អ្នកចិញ្ចឹមត្រីខ្នាតតូចលក្ខណៈគ្រួសារ ខ្ទង់៥០ភាគរយបានក្ស័យធន។ ចំពោះអ្នកខាតមធ្យមអ្នកដែលមានទំហំស្រះពី១ពាន់ម៉ែត្រការ៉េ ទៅ១ហិចតា បានប្រថុយប្រថានក្នុងការចិញ្ចឹម ចំណែកខ្នាតធំកាត់បន្ថយការចិញ្ចឹម។ នេះជាវិបត្តិមួយនៅក្នុងវិស័យវារីវប្បកម្មនៅក្នុងសម័យកូវីដ។

លោក ឡែមភូរ សុថាវរិទ្ធ បានបន្ថែមថា រយៈពេល៣ខែគិតត្រឹមខែមេសា ឆ្នាំ២០២១ សមាគមធ្លាប់បានទាក់ទងជាប្រចាំទៅកាន់ក្រសួងពាក់ព័ន្ធឲ្យជួយរកវិធានការដើម្បីដោះស្រាយ។ ជាក់ស្តែងមានក្រសួងចំនួន៣រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឲ្យពិចារណាថាត្រូវរកទីផ្សារបែបណា និងគួរបន្ថយការនាំចូលត្រីពីក្រៅបែបណា ប៉ុន្តែខាងអាជ្ញាធរបានឆ្លើយតបថា ដោយសារបញ្ហាកូវីដទើបមិនអាចដោះស្រាយចេញភ្លាមៗបាននោះទេ៕

Khcct banner

អត្ថបទទាក់ទង