Yearendyearend1140x150
Img 0571

«អ្នកជំងឺជនជាតិខ្មែរ២នាក់»បន្ថែមទៀតបានទទួលមរណភាពដោយសារកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ នេះ បានប្រកាសថា មានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរ​ ០២នាក់​ ដែលម្នាក់មានអាយុ​ ៥៥ឆ្នាំ នៅ«មន្ទីរពេទ្យហ្លួងម៉ែ»​ និងម្នាក់ទៀត អាយុ​ ៤៩ឆ្នាំ​ នៅ«មណ្ឌលសុខភាពចាក់អង្រែ»​ ជាករណីទី៤៤ និង៤៥។ 

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ពីប្រវត្តិនៃករណីស្លាប់ដោយសារ ជំងឺកូវីដ-១៩ របស់បុរសជនជាតិខ្មែរចំនួន០២នាក់ខាងលើថា ដោយយោងតាមរបាយការណ៍«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ក្រោយពីបានដឹងលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្ត ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅព្យាបាលបន្តនៅ«មន្ទីរពេទ្យហ្លួងម៉ែ» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:៤៥នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ដោយឡែកអ្នកជំងឺទី២ ដោយយោងតាម«មណ្ឌលសុខភាពចាក់អង្រែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានដឹងថា មានវិជ្ជមានកូវីដ-១៩ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ«មណ្ឌលព្យាបាលចាក់អង្រែ» នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:១៦នាទី ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយមានការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបានឡើយ អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៤៥នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទូទៅ បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ករណីស្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង