Yearendyearend1140x150
Img 0571

ក្រសួងការងារព្រមានចាប់ខ្លួនអ្នកដើរបំផុសអ្នកដទៃកុំឱ្យចាក់វ៉ាក់សាំង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ (រូបភាព ផេក ឯកឧត្តម ហេង សួរ) 

ភ្នំពេញ៖ ក្រសួងការងារនឹងព្រមានចាប់ខ្លួនអ្នកទាំងឡាយណា ដែលដើរបំផុសបំផុលអ្នកដទៃកុំឱ្យទៅចាក់វ៉ាក់សាំង ខណៈក្រសួងការងារកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករកម្មការនីរោងចក្រ។ 

បើតាមហ្វេសប៊ុកផេក របស់ឯកឧត្តម ហេង សួរ បានបញ្ជាក់ឱ្យដឹងថា បើមានជនណាដែលដើរបំផុសអ្នកដទៃមិនឱ្យទៅចាក់វ៉ាក់សាំង សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ហើយសមត្ថកិច្ចនឹងចាប់ជននោះមកផ្តន្ទាទោសទៅតាមជាក់ស្ដែង។ 

លោកហេង សួរ សង្កត់ធ្ងន់ថា ទាក់ទិននិងការចាក់វ៉ាក់សាំងនេះដែរ បើមានជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន ហើយនេះគឺជាអំពើបាបនេះអាចឲ្យអ្នកចុះនរក។ 

អ្នកនាំពាក្យរូបនេះលើកឡើងទៀតថា ដើម្បីការពារអាយុជីវិតរបស់កម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមចូលរូមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា។ 

លោកហេង សួរ មានប្រសាសន៍ថា៖«ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។  ហើយការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន»។ 

ឯកឧត្តម ក៏សំណូមពរឱ្យពលរដ្ឋជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក ដោយកុំមានការរើសអើង ព្រោះសូម្បីតែរូបលោក និងមិត្តភ័ក្ត្របានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពទេ។ 

លោករំពឹងថា កម្មករ កម្មការនី និយោជិត និងជនរួមជាតិទាំងអស់រួបរួមគ្នាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដឥ១៩ និងកុំជឿពាក្យបំផុសបំផុលពីបុគ្គលមួយចំនួនដែលមានគំនិតបង្កភាពវឹកវរក្នុងសង្គម ព្រោះការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង