Cct850x100 1
1800px x h300px kh

តំណាងWHO៖កម្ពុជាត្រូវ«សាមគ្គីគ្នាជាធ្លុង»ដើម្បីយកឈ្នះកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើវីរុសកូវីដ-១៩។ការអំពាវនាវនេះ គឺធ្វើឡើងស្របពេញដែលប្រទេសកម្ពុជាកំពុងរងការញាំញីដោយជំងឺកូវីដ-១៩ និងមានអ្នកស្លាប់ចំនួន៤នាក់។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សោកនាដកម្មនៃការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅកម្ពុជានាពេលថ្មីៗនេះ ជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺនេះ។ជំងឺនេះអាចប្រហារពលរដ្ឋគ្រប់គ្នានៅគ្រប់ពេលវេលា។

បើតាមលោកស្រីវេជ្ជបណ្ឌិត លី អៃឡាន លោកស្រីដឹងថាការប្រយុទ្ធជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ គឺមានភាពនឿយហត់ខ្លាំងណាស់ ប៉ុន្តែកម្ពុជាត្រូវតែចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើវីរុសកូវីដនេះឱ្យបាន។សម្រាប់លោកស្រីវេជ្ជបណ្ឌិត សកម្មភាពរបស់ពលរដ្ឋទាំងអស់គ្នា នៅរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុននេះ នឹងកំណត់អំពីភាពជោគជ័យ ឬក៏បរាជ័យរបស់កម្ពុជាក្នុងការការពារខ្លួនផ្ទាល់ និងប្រទេសកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨១នាក់ ហើយករណីស្លាប់ ០៤នាក់៕

Khcct banner

អត្ថបទទាក់ទង