Cct850x100 1

ធនាគារជាតិកម្ពុជាណែនាំឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុពន្យារពេលសងប្រាក់ដើមនិងការប្រាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានណែនាំដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យធ្វើការពន្យារដល់ការសងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដែលខ្ចីបុល។ ការណែនាំនេះ គឺជាការចូលរួមចំណែកកាត់បន្ថយការប៉ះពាល់នានាដែលអាចបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីដ-១៩។

ការណែនាំដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ធ្វើឡើងដោយអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជានៅក្នុងកិច្ចប្រជុំជាមួយគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងស្វែងរកយន្តការការពារផលប៉ះពាល់ជាសក្តានុពល ដែលបណ្តាលមកពីការរីករាលដាលជាសកលនៃវីរុស Covid-19 មកលើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានបង្ហាញពីវិធានការផ្ទៃក្នុងរបស់ខ្លួនដែលបានត្រៀមរួចជាស្រេចក្នុងការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត។

អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាវិញ បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើថា៖ «រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ជាដើម»។

ក្រៅពីនេះ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាក៏បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ។ បន្ថែមនេះ ក៏ត្រូវបន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាប្រក្រតី៕ 

ពាក្យទាក់ទង: ធនាគារជាតិ
Khcct banner

អត្ថបទទាក់ទង