Yearendyearend1140x150

ពហុកីឡដ្ឋានជាតិ«មរតកតេជោ»ជាជំនួយរបស់ចិនគ្រោងបញ្ចប់ការសាងសង់ខែឧសភា ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នេះនៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំគ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកម្ម៉ងមកពីអាល្លឺម៉ង់ជាដើម។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា «ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍ មួយដ៏ធំធេង នាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ។»

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ដែរថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់រៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្រោយពេលបញ្ចប់ការសាងសាង់នៃកីឡដ្ឋានធំ (Main Stadium) យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និង សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ ការប្រកួតបាល់ទាត់អន្តរជាតិនានាអាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១តទៅ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ របស់សហព័ន្ធកីឡាជាតិមួយចំនួន។ ជារួមការបើកឲ្យកីឡាករ កីឡាការិនីកម្ពុជាឲ្យមកប្រកួតនៅទីនេះ គឺដើម្បីឲ្យបន្សាំខ្លួនទៅនឹងកីឡដ្ឋានថ្មី ក្នុងការបង្កើនគុណផលបច្ចេកទេសរបស់ពួកគាត់ឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជា ម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

«នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀតអាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗមកប្រកួតឆ្លាស់គ្នាបាន ដើម្បីឲ្យការប្រើប្រាស់របស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ដល់ការរៀបចំ របស់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើនផងដែរ។ ទាំងអស់នេះគឺជាការចង្អុលបង្ហាញ និងការណែនាំរបស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលសម្តេចប្រធានតែងតែជំរុញឲ្យយើងខិតខំធ្វើការដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងប្រសិទ្ធភាពនៃការរៀបចំ ទាំងប្រសិទ្ធភាពនៃបច្ចេកទេស។ នៅក្នុងការតាមដាន វាយតម្លៃ និងការកែសម្រួលផ្សេងៗទៀត គឺត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែធ្វើកិច្ចការទាំងអស់ ជាពិសេសគឺនៅក្នុងកិច្ចប្រជុំជាទៀតទាត់រៀងរាល់សប្តាហ៍តែម្តង។» នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន

ចាប់ពីឆ្នាំ២០២១ តទៅ យើងមានកិច្ចការជាច្រើនដែលត្រូវបន្តធ្វើយ៉ាងសកម្ម ពីព្រោះថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមអនុវត្តការងារឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយធ្វើកិច្ចការទាំងអស់នេះឲ្យបានរៀបរយ និងហ្មត់ចត់បំផុត ព្រមទាំងជំរុញឲ្យសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង១៤ក្រោមឱវាទ CAMSOC ឲ្យមានការសហការគ្នាកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង