Cct850x100 1
1800px x h300px kh

មង្គលការមួយចំនួនផ្អាក ខណៈម្ចាស់អាគារ និងចុងភៅត្អូញត្អែរពីការខាតបង់ដោយកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទិដ្ឋភាពមង្គលការនៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ(THE PREMIUM CENTER SENSOK)

ភ្នំពេញ៖បន្ទាប់ពីមានការឆ្លងកូវីដ ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការហាមមិនឱ្យរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំ។ស្ថានការណ៍បែបនេះ បានបង្ខំចិត្តធ្វើឲ្យពិធីមង្គលការមួយចំនួនធំ បានសម្រចផ្អាកលើកទៅពេលក្រោយវិញ។ការផ្អាកនេះបាននាំឱ្យម្ចាស់អាគារ និងចុងភៅខាតបង់ដោយសារការទិញឥវ៉ាន់ទុកមុន។

លោក ចាប ចន្ធី ជំនួយការអគ្គនាយកនៃអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ(The Premium Center Sen Sok) បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា ថ្មីៗនេះបន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ១៩ នៅខែវិច្ឆិកានេះ មានមង្គលការជាច្រើនបានសុំការពន្យារពេលរៀបចំកម្មវិធី ដោយមានការយល់ឃើញ និង បារម្ភអំពីការឆ្លងជំងឺកូវីដ១៩។

លោកបន្តថា ការផ្អាកមង្គលការបានធ្វើឱ្យលោកក៏ដូចជាក្រុមការងារទាំងមូលបានខាតបង់នូវពេលវេលាក៏ដូចជាថវិវកាមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ថា អ្នកខ្លះក៏នៅតែរៀបចំមង្គលការឡើង ប៉ុន្តែតែត្រូវកាត់បន្ថយតុដោយគិតថាបើរៀបចំទៅប្រហែលជាគ្មានអ្នកចូលរួមដូចការរំពឹងទុក ព្រោះបារម្ភអំពីការឆ្លងជំងឺកូវីដ១៩។

បើតាមលោក ចាប ចន្ធី ចំពោះមង្គលការរៀបចំធម្មតាតាមការគ្រោងទុក ក្នុងកំឡុងពេលដំណើរការនៃពិធីមង្គលការ ក្រុមការងាររបស់លោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារពីមេរោគកូវីដ១៩ ដោយមានបុគ្គលិកឈរចាំបាញ់សម្អាតដៃជាមួយអាល់កុលដល់ភ្ញៀវដែលចូលរួម ក៏ដូចជាមានការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩មុនពេល និង ក្រោយពេលពិធីម្គលការ។

លោក រុន សុបញ្ញា ជាមេចុងភៅសម្រាប់ពិធីមង្គលការមួយកន្លែង ក៏បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ដែរថា នៅក្នុងខែវិច្ឆិកានេះ មានការសុំពន្យារពេលនៃការរៀបចំពិធីមង្គលការច្រើនគួរសមដែរ។ ដោយការសុំពន្យារពេល ឬផ្អាកពិធីនេះ គឺបានធ្វើឱ្យលោកមាការខាតបង់ថវិកាមួយចំនួនក្នុងការទិញរបស់របរ ក៏ដូចជាថ្ងៃឈ្នួលបុគ្គលិក ខាតបង់កម្លាំង និងពេលវេលាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០មានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលកម្ពុជាជាបន្តបន្ទាប់បានប្រកាសបិទសាលារៀន KTV រោងភាពយន្ត សារមន្ទី ការប្រគុំតន្ត្រី ដែលមានមហាជនចូលរូមច្រើន និង ពិធីជួបជុំតាមបែបសាសនាគ្រប់ប្រភេទ នៅទូទាំងប្រទេស ក្នុងន័យដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ នៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង