Cct850x100 1
1800px x h300px kh

សម្តេច ស ខេង៖ “មន្ត្រីខ្លះគេចវេសមិនព្រមដោះស្រាយរឿងក្តីជូនពលរដ្ឋ”

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃទី៦ វិច្ឆិកានេះ បានថ្លែងមន្ត្រីមួយចំនួនគេចវេសពីបញ្ហា មិនមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ដោយមិនព្រមដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋភ្លាមៗ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា មានមន្រ្តីមួយចំនួន មិនបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួននៅឡើយ ដោយនៅតែគេចវេសពីបញ្ហានិងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យសុំឲ្យមានការអន្តរាគមន៍ពីខាងអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយតាមផ្លូវច្បាប់។

បើតាមសម្តេច ស ខេង ទាក់ទងនឹងបញ្ហា និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋមន្រ្តីសមត្ថកិច្ចអាចទទួលបានព័ត៌មានតាមកាសែតដែលបានចុះផ្សាយ ហើយនេះក៏ចាត់ទុកជាពាក្យបណ្តឹងដែរ ព្រោះព័ត៌មានកាសែតខ្លះក៏មានប្រភពច្បាស់លាស់ ដូចជាតាមបណ្តាលសង្គមហ្វេសប៊ុក ដែលខាងអាជ្ញាធរមានសមត្ថកិច្ចអាចដកស្រងរឿងក្តី ប្រគល់ជូនក្រសួងពាក់ព័ន្ធ ដើម្បីចាត់ឲ្យអធិការកិច្ចធ្វើការ ឬការប្រគល់ឲ្យសមត្ថកិច្ចណាដែលពាក់ព័ន្ធទៀតដោះស្រាយ។

សម្តេច ស ខេង បានបញ្ជាក់ថា នៅមានរឿងក្តីជាច្រើន ដែលមន្រ្តីអជ្ញាធរដោះស្រាយមិនទាន់អស់ ពោលគឺនៅមានការងារច្រើនទៀតដែលទទួលបានពីតាមបណ្តាញហ្វេសប៊ុក កាសែត ទូរទស្សន៍ និងវិទ្យុ។ សម្តេចបន្តថា ព័ត៌មានដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះហើយដែលជាពាក្យបណ្តឹង មិនចាំចាច់ទាល់តែមានពាក្យបណ្តឹងទើបដោះស្រាយបញ្ហា ដោយមិនចាំបាច់ជួបមុខគ្នា ហើយក៏មិនចាំបាច់ប្រើក្រដាសស្នាម។

សម្តេច ស ខេង បានគូសបញ្ជាក់ថា មន្រ្តីគ្រប់រូបមិនគួរគប្បីគេចវេចពីទំនួលខុសត្រូវ និងបញ្ហាដែលនៅចំពោះមុខឡើយ។ ក្នុងនាមជាមន្រ្តីបម្រើការងារជូនប្រជាពលរដ្ឋត្រូវមានទំនួលខុសចំពោះការងាររបស់ខ្លួន។ ទន្ឬឹមនេះ សម្តេចបានផ្តាំផ្ញើដល់មន្រ្តីាទាំងអស់ថា «នៅពេលយើងជួបប្រទះនឹងបញ្ហាលំបាកច្រើនយ៉ាងណា នាំឲ្យយើងមានសមត្ថភាពចេះដឹង និងមានបទពិសោធន៍កាន់តែច្រើន។»

គួរបញ្ជាក់ថា សម្តេចថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

Khcct banner

អត្ថបទទាក់ទង