Yearendyearend1140x150

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។រូបភាពពីក្រុមគ្រួសារ

ភ្នំពេញ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានវ័យ៨០ឆ្នាំហើយនោះ កាលពីថ្ងៃទី ៥ ឧសភា ត្រូវបានក្រុម​គ្រួសារ​​បញ្ជូន​លោក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ចាស់​របស់​លោក​នៅ​មិន​ទាន់​មាន​សញ្ញា​ធូរស្បើយ និង ​រើ​ឡើង​វិញ។

បច្ចុប្បន្នព្រឹទ្ធាចារ្យចា គង់ ណៃ ក្រុម​គ្រួសារ​បញ្ជូន​មកសង្គ្រោះបន្ទាន់ក្នុង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) និង មានការជួយមើលថែពីក្រុមគ្រួសារ សប្បុរសជន រួមទាំងក្រុមការងាររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។បើតាមប្រភពពីក្រុមគ្រួសារ លោកតាព្រឹទ្ធាចារ្យចា បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ និង កំពុងតាមដានសុខភាពពីក្រុមគ្រូពេទ្យ ដោយពេលខ្លះលោកមានឡើងកម្តៅខ្លាំង ហត់ រវើរវាយជាដើម។

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ជាសិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​នៅកម្ពុជា ដែលមាន​គោរមងារ​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ។លោក​​ទទួល​ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌​ហ្វូគុអុកា (Fukuoka Prize) របស់​ប្រទេស​​ជប៉ុន កាល​ឆ្នាំ ​២០១៧ ​ ពាន​​រង្វាន់​សិល្បៈ ​និង​វប្បធម៌​ហ្វូគុអុកា បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩០ មក​​នៅ​ទីក្រុង​​ហ្វូគុអុ​កា ប្រទេស​ជប៉ុន ​និង​​ត្រូវ​​​ផ្តល់​ជូន​បុគ្គល ​​ដែល​​មាន​​​ស្នាដៃ​ឆ្នើម​ នៅ​ក្នុង​តំបន់​អាស៊ី ដែល​ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌​។

លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​ ហើយ​​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ បន្ទាប់​ពី​លោក ឆេង ផុន ជា​​អ្នក​និពន្ធ​រឿង​ល្ខោន ​ ឆ្នាំ​ ១៩៩៧ និង លោក អាំង​ ជូលាន ជា​អ្នក​ស្រាវជ្រាវ​​ខេមរ​​សិក្សា​ នៅ​ឆ្នាំ ​២០១១​​ សម្រាប់​ជន​ជាតិ​ខ្មែរ។ព្រឹទ្ធាចារ្យ​ គង់ ណៃ បាន​ចាប់​ផ្តើម​ប្រឡូក​នៅ​ក្នុង​វិស័យ​ចាប៉ី​ដងវែង​ចាប់​តាំង​ពី​នៅ​វ័យ​ក្មេង​ខ្ចី​ម៉្លេះ​។ ពោល​គឺ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​មាន​អាយុ​ប្រមាណ​១៣​ឬ​១៤ឆ្នាំ។ ជានិច្ចជាកាល លោក គង់ ណៃ បាន​ប្រគុំ​តន្ដ្រី​ពី​ចាប៉ី​ដង​វែង អម​ដោយ​ការ​ច្រៀង​រៀបរាប់​យ៉ាង​ពិរោះ អំពីប្រធានបទ​ផ្សេងៗ​ដូចជា សិល្បៈ វប្បធម៌ និង​សាសនា​ជា​ដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង