ព្រះវិហារ៖ ករណីផ្ទុះគ្រាប់មីនតោន នៅថ្ងៃទី១៥ខែឧសភា ដែលជាសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម បានបណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល់ ខណៈដែលត្រាក់ទ័រមួយគ្រឿងត្រូវរងការខូចខាត់ទាំងស្រុង។ ករណីនេះកើតឡើងនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម នៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឱ្យត្រាក់ទ័រមួយគ្រឿងរងនូវការខូចខាតទាំងស្រុង និងអ្នកបើកបរម្នាក់រងរបួសស្រាល នៅក្នុងហេតុការណ៍នេះផងដែរ។
លោក ហេង រតនា បានបន្ថែមថា នេះជាមរតកនៃសង្គ្រាម គ្រួសាររបស់ពួកគាត់ខិតខំរកសុីសន្សំថវិកាទិញបានត្រាក់ទ័រ មួយគ្រឿងសង្ឃឹមថា បានបន្តពង្រឹងជីវភាពរស់នៅ តែពេលនេះខាតបង់ទាំងស្រុងតែម្តង។
ជាមួយគ្នានេះ អាជ្ញាធរមីន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕