Yearendyearend1140x150

ខេត្តព្រះសីហនុទទួលបានការវិនិយោគសរុប ៤៤ គម្រោង គិតត្រឹមដើមខែឧសភានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ 

ព្រះសីហនុ៖ គិតមកត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានសំណើដែលក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគឆ្នាំ២០២៤ សរុបមានចំនួន ៤៤ គម្រោង។ គម្រោងវិនិយោគនេះធ្វើឡើងក្រោយពីអនុវត្តតាមគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដោយសម្រេចសម្រួលនីតិវិធី បែបបទ និងកាត់បន្ថយរយៈពេលនៃការស្នើសុំ និង ផ្តល់លិខិតសម្រាប់ដំណើរការសាងសង់ក្នុងខេត្តព្រះសីហនុ។

បើតាមអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា សំណើដែលក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគឆ្នាំ២០២៤ ទទួលបានសរុប ៤៤ គម្រោងរួមមាន គម្រោងដែលទទួលបាន«លិខិតឆ្លើយតបជាផ្លូវការ»ចំនួន ១៣គម្រោង, គម្រោងដែលបានឆ្លងកាត់ការប្រជុំពិភាក្សា (ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤) និងទទួលបាន «ការឯកភាពជាគោលការណ៍»ចំនួន ១៤គម្រោង, គម្រោងដែលបានដាក់ពាក្យស្នើសុំតែមិនទទួលបានការឯកភាពចំនួន ១គម្រោង, គម្រោងដែលនឹងត្រូវចុះពិនិត្យ ១៦គម្រោង ដែលក្នុងនោះ ៣ គម្រោងបានពិនិត្យម្តងហើយ តែត្រូវចុះពិនិត្យ និងវាយតម្លៃម្តងទៀត។

តាមរយៈការអនុវត្តកម្មវិធីពិសេសនេះ ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់មន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និង បញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿងផ្តុំសំណង់ ការងារសំណង់ និង ការងារត្រួតពិនិត្យគុណភាព និង សុវត្តិភាពសំណង់ ក្នុងករណីម្ចាស់សំណង់គ្មានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤" សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង