Yearendyearend1140x150

ធនាគារប្រៃសណីយ៍កម្ពុជាត្រូវបានប្រសិទ្ធនាម “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ថ្នាក់ដឹកនាំនៃធនាគារប្រៃសណីយ៍កម្ពុជា។

ភ្នំពេញ៖ ដោយសារកន្លងមក បានផ្តល់ភាពងាយស្រួលដល់សហគ្រិនស្រ្តីទទួលបានកម្ចីដើម្បីអភិវឌ្ឍអាជីវកម្ម ធនាគារប្រៃសណីយ៍​កម្ពុជា ត្រូវបានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) ប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី”។

SME Finance Forum នេះគឺជាស្ថាប័នមួយដែលបង្កើតឡើងដោយ International Finance Corporation ដែលជាសមាជិករបស់ World Bank ។ សមាជិកដែលបានចូលទៅក្នុង SME Finance Forum មានប្រហែលជា ២០០ ស្ថានប័នទូទាំងពិភពលោក ដោយក្នុងនោះមាន ១៤០ ប្រទេសផងដែរ។

ថ្លែងក្នុងសន្និសីទសាព័ត៌មាននៅថ្ងៃទី ៣ វិច្ឆិកានេះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២០ (SME Finance Forum 2020)។ អ្វីដែលសំខាន់នោះ គឺធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមនេះ ក្រោមការប្រកួតប្រជែងពីបណ្តាស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិច្រើនជាង ២០០ស្ថាប័នមកពី ១៤០ប្រទេសទូទាំងពិភពលោក។ ពានរង្វាន់ឆ្នើមដែលផ្តល់ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពុំមែនចេះតែទទួលបាននោះទេ បើសង្កេតមកមើលប្រទេសកម្ពុជាយើងវិញក្នុងឆ្នាំ២០២០ នេះមានតែធនាគារ ប្រៃសណីយ៍កម្ពុជាតែមួយគត់ដែលអាចសម្រេចបាននូវពានរង្វាន់មួយនេះ។

លោក តូច ចៅចេក បានមានប្រសាសន៍បន្តថា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់នេះគឺកើតចេញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតបំផុតជូនអតិថិជន សាធារណជន សហគ្រិន ជាពិសេសសហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស។ មិនត្រឹមតែការយកចិត្តទុកដាក់លើអតិថិជនប៉ុណ្ណោះទេ ធនាគារតែងតែលើកកម្ពស់ដល់ស្ត្រីជានិច្ចមិនថាអតិថិជន ឬបុគ្គលិកធនាគារឡើយ។ ក្នុងឆ្នាំ២០២០ នេះ យើងបានផ្តល់ឱកាសជូនបុគ្គលិកជាស្រ្តីចូលរួមបម្រើការងារជាមួយធនាគាររហូតដល់ ៣២% នៃបុគ្គលិកសរុបជាង ២០០០នាក់ ដោយយើងសង្ឃឹម និងប្តេជ្ញាថាចាប់ពីថ្ងៃនេះ រហូតដល់ ៥ឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជាមួយធនាគារជូនបងប្អូនស្រ្តីកម្ពុជាយើងយ៉ាងតិចណាស់ឱ្យបាន ៥០% ឬលើសពីនេះ។

លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមបានមានប្រសាសន៍ថា “យើងសង្ឃឹមថាអ្នកឈ្នះពានរង្វាន់ហិរញ្ញវត្ថុខ្នាតតូច និងមធ្យមជាសកលនេះ នឹងជម្រុញឱ្យអ្នកផ្តល់ហិរញ្ញប្បទានខ្នាតតូច និងមធ្យមនៅទូទាំងពិភពលោកអាចស្វែងយល់ពីបទពិសោធន៍ល្អរបស់ពួកគេក្នុងការសម្រេចបាននូវសមិទ្ធផលឆ្នើមមួយនេះ។ ពានរង្វាន់ឆ្នើមនេះផ្តល់ឱ្យអ្នកឈ្នះនូវឱកាសដើម្បីបង្ហាញពីបទពិសោធន៍ល្អនៅលើឆាកអន្តរជាតិ និងដើម្បីជម្រុញឱ្យស្វែងយល់ឱ្យកាន់តែទូលំទូលាយក្នុងចំណោមដៃគូអាជីវកម្មរបស់ពួកគេ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានការប្រសិទ្ធនាមជា «ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងវេទិកាហិរញ្ញវត្ថុ សហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum 2020)។ភាពជោគជ័យនេះ រៀបចំឡើងក្នុងចំណោមស្ថាប័នដែលបានចូលរួមប្រកួតប្រជែងជាច្រើន ដែលរៀបចំឡើងដោយ សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ ដែលជាសមាជិកនៃធនាគារពិភពលោក វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម និងទទួលការយល់ព្រមពី (GPFI) Global Partnership for Financial Inclusion ពានរង្វាន់ហិរញ្ញវត្ថុខ្នាតតូច និងមធ្យមអន្តរជាតិ អបអរសមិទ្ធិផលលេចធ្លោរបស់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា fintech ក្នុងការផ្តល់ផលិតផល និងសេវាកម្មដល់អតិថិជនសហគ្រាសខ្នាតតូច និងមធ្យមរបស់ពួកគេផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង