Yearendyearend1140x150

កញ្ញា ធន់រិទ្ធិ ស៊ីវយី ជ័យលាភីលេខ១តំណាងឱ្យកម្ពុជានៃកម្មវិធីល្បងប្រាជ្ញាកូរ៉េដ៏ល្បី

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ជ័យលាភីលេខ១ គឺកញ្ញា ធន់ រិទ្ធិ ស៊ីវយី ដែលតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីទូរទស្សន៍កូរ៉េដ៏ល្បីមួយឈ្មោះថា Quiz on Korea 2020

(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)

ភ្នំពេញ៖ និស្សិតខ្មែរមួយរូបដែលកំពុងសិក្សានៅប្រទេសកូរ៉េ ហើយថ្មីៗនេះ និស្សិតរូបនោះ ទទួល បានពានរង្វាន់លេខមួយ ដែលតំណាងឱ្យប្រទេសកម្ពុជា ហើយក៏ជាមោទនភាពមួយសម្រាប់យុវជនខ្មែរម្នាក់ អាចឈរនៅលើឆាកអន្តរជាតិ បង្ហាញសមត្ថភាពចំណេះដឹងរបស់ខ្លួន នៅក្នុងកម្មវិធីប្រកួតប្រជែងប្រាជ្ញាជាមួយយុវជនបរទេសជាច្រើនរូប ដែលពួកគេសុទ្ធតែមកពី ១៨ប្រទេសផ្សេងទៀត។ គួររំលឹកផងដែរថា ស៊ីស៊ីថាមស៍ បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងជ័យលាភីលេខ១ គឺកញ្ញា ធន់ រិទ្ធិ ស៊ីវយី ដែលតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីទូរទស្សន៍កូរ៉េដ៏ល្បីមួយឈ្មោះថា Quiz on Korea 2020 ដែលបានចាប់បន្តផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ KBS កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។

កញ្ញា ធន់ រិទ្ធិ ស៊ីវយី រៀបរាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះ បន្ទាប់ពីបានឃើញសេចក្ដីប្រកាសនៃការប្រមូលសិស្សនិស្សិតបរទេសមកពីប្រទេសផ្សេងៗ ដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីគី Quiz on Korea 2020 គឺដោយសារតែខ្លួនពិតជាចង់សាកល្បងប្រាជ្ញាដែលកញ្ញា ស៊ីវយី មានទាក់ទងនឹងប្រទេសកូរ៉េ បូករួមនឹងចំណេះដឹងទូទៅរួមជាមួយវប្បធម៌ ហើយស៊ីវយី ក៏ចង់ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់មាតុភូមិរបស់ខ្លួន ឲ្យគេបានដឹង និងបានស្គាល់នៅលើឆាកអន្តរជាតិតាមរយៈការចូលរួមប្រកួតមួយនោះ ហើយបន្ទាប់មកអ្នករាល់គ្នានឹងបានដឹងតាមរយៈការចូលរួមប្រកួតនោះនៅក្នុងប្រទេសកូរ៉េ។

កញ្ញា ធន់ រិទ្ធិ ស៊ីវយី បន្ថែមថា ការប្រកួតក្នុងកម្មវិធី Quiz on Korea 2020 មានចំនួនបីដំណាក់កាល។ ដំណាក់កាលទីមួយគឺ ការចុះឈ្មោះចូលប្រកួត ហើយមានចំនួន ៥៥០នាក់ដែលជាអ្នកបានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីនោះ។ បន្ទាប់មក កម្មវិធីក៏បានជ្រើសរើសយកតែ៣០នាក់ប៉ុណ្ណោះ សម្រាប់ទៅប្រកួតបន្ត។ នៅដំណាក់កាលទីពីរគឺ កម្មវិធីមានការប្រឡងតាម Online និងការសម្ភាសន៍ ហើយកម្មវិធីក៏បានជ្រើសរើសសិស្សចំនួនតែ ១៨នាក់ប៉ុណ្ណោះ ដើម្បីចូលទៅបន្តការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាដំណាក់កាលចុងក្រោយ ដែលមកពីប្រទេសផ្សេងៗគ្នា។

និស្សិតឆ្នើមជនជាតិខ្មែររូបនេះ បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធីល្បងប្រាជ្ញាកូរ៉េថា កម្មវិធីនេះ ពិតជាមានលក្ខណៈអប់រំជាច្រើន ដែលអាចធ្វើឲ្យរូបកញ្ញាផ្ទាល់ កាន់តែមានចំណេះដឹងច្បាស់លាស់ទាក់ទងនឹងវប្បធម៌របស់កូរ៉េ និងចំណេះដឹងជាច្រើនទាក់ទងនឹងវិទ្យាសាស្រ្តសីលធម៌ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច សង្គម និង ភ្លេងតន្ត្រីជាច្រើនទៀត ។ល។

យ៉ាងណាមិញ និស្សិត ស៊ីវយី បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា មុនដាក់ពាក្យចូលប្រកួតជាមួយបេក្ខជនផ្សេងៗទៀត ជាការពិត កញ្ញា ស៊ីវយី ក៏មិននឹកស្មានថា ខ្លួនអាចនឹងទទួលបានពានរង្វាន់នៃកម្មវិធីល្បងប្រាជ្ញាកូរ៉េដ៏ល្បីមួយនោះដែរ ដោយសារ ស៊ីវយី គិតថាអ្នកចូលរួមប្រកួតប្រជែងទាំងអស់គឺ សុទ្ធតែមានសមត្ថភាពខ្លាំងៗ និងពូកែៗ។ វាពិតជាពិបាកខ្លាំងក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីនោះ តែដោយសារអ្នកមានគុណទាំងពីរ ដែលពួកគាត់តែងតែលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ស៊ីវយី ហើយពួកគាត់តែងតែប្រាប់និស្សិត ស៊ីវយី ថាកូនរបស់ពួកគាត់អាចធ្វើគ្រប់ការងារ និងសម្រេចជោគជ័យទាំងអស់បាន។

ហើយរាល់គ្រប់ពាក្យសម្ដីទាំងអស់សម្រាប់លើកទឹកចិត្តរបស់ម៉ាក់ប៉ារបស់ស៊ីវយី វាបានក្លាយទៅជាកម្លាំងដ៏អស្ចារ្យមួយ ធ្វើឱ្យនិស្សិតនារីកម្ពុជាដ៏ឆ្នើមរូបនេះ រឹតតែព្យាយាម និងតស៊ូ ដើម្បីសិក្សាស្រាវជ្រាវ ខិតខំស្វែងរកឯកសារផ្សេងៗជាច្រើនទាក់ទងនឹងចំណេះដឹងទូទៅនៃប្រទេសកូរ៉េ ពីព្រោះ ស៊ីវយី មិនចង់ឱ្យម៉ាក់ប៉ា លោកគ្រូអ្នកគ្រូ បងប្អូន ប្រទេសជាតិកម្ពុជាអស់សង្ឃឹមឡើយ។ កញ្ញា ស៊ីវយីបានប្ដេជ្ញាចិត្តថា រូបគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ហើយខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដើម្បីបង្ហាញពីចំណេះដឹងនៅក្នុងកម្មវិធីមួយនោះ។ ហើយទីបំផុត វាក៏ទទួលបានដូចចិត្តដែលបានប្ដេជ្ញាពិតមែន។

ជ័យលាភីលេខ១នៃកម្មវិធី Quiz on Korea 2020 រូបនេះ បានបន្ថែមថា ក្នុងចំណោមអ្នកទទួលបានជ័យជំនះចំណាត់ថ្នាក់ទាំងបី គឺខ្លួនទទួលបានជ័យលាភីលេខមួយមកពីប្រទេសកម្ពុជា បន្ទាប់មកអ្នកជាប់លេខពីរគឺក្រុមមកពីប្រទេសជនជាតិវ៉េណេស៊ុយអេឡា ហើយអ្នកជាប់លេខបី គឺមកពីប្រទេសវៀតណាម។ ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានពានរង្វាន់លេខមួយនេះ គឺកញ្ញា ធន់ រិទ្ធិ ស៊ីវយី ទទួលបានប្រាក់ចំនួន ១០លានវ៉ុន(KRW) ស្មើនឹងប្រមាណ ៨ពាន់ដុល្លារអាមេរិក។

កញ្ញា ធន់ រិទ្ធិ ស៊ីវយី និយាយថា «ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលអាចទទួលបានពានរង្វាន់លេខ១នេះ។ ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងធំធេងជូនទៅដល់ម៉ាក់ប៉ារបស់ខ្ញុំ ដែលតែងតែលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តឱ្យរូបខ្ញុំ រាល់គ្រប់ពេលវេលា និងលោកគ្រូអ្នកគ្រូនៅសាលាអន្តរជាតិអំបិល និងពន្លឺ (Salt& Light International School) ដែលតែងតែបង្ហាត់បង្រៀនដល់រូបខ្ញុំ ឱ្យទទួលបានចំណេះដឹងជាច្រើន ទាក់ទងនឹងប្រទេសកូរ៉េ ព្រមទាំងបងប្អូនរួមជាតិប្រទេសកម្ពុជាទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយចូលរួមត្រេកអរក្នុងការទទួលពានរង្វាន់របស់ខ្ញុំពីចម្ងាយផងដែរ»។

នេះសបញ្ជាក់ឱ្យឃើញថា កញ្ញា ស៊ីវយី ពិតជាមោទនភាពមួយសម្រាប់ប្រទេសជាតិខ្មែរ ក្នុងការលើកស្ទួយកិត្តិយសនូវតម្លៃជាតិមាតុភូមិរបស់ខ្លួន វាជាឱកាសមួយដែលខ្លួនអាចបញ្ចេញសមត្ថភាព ក្នុងនាមជាកូនខ្មែរមួយរូបមកសិក្សានៅបរទេស។ ជាក់ស្ដែង តាមរយៈការទទួលបានជ័យលាភីមួយនេះ វាបានធ្វើឲ្យ ស៊ីវយី កាន់តែស្រលាញ់ និងមានមោទនភាពខ្លាំងប្រទេសជាតិរបស់ខ្លួនកាន់តែខ្លាំងថែមទៀត»។

សម្រាប់និស្សិតឆ្នើមមួយរូបនេះ នៅតែគិតថា នៅមានយុវជនក៏ដូចជាប្រជាជនខ្មែរជាច្រើននាក់ទៀត ដែលពួកគាត់នៅមិនទាន់បានបង្ហាញថា ពួកគាត់មានសមត្ថភាពខ្លាំងហើយពូកែ ដែលនៅថ្ងៃណាមួយ ពួកគាត់អាចនឹងមានឱកាសក្នុងការបង្ហាញសមត្ថភាព ដែលអាចឈរនៅលើឆាកអន្តរជាតិដូចរូបកញ្ញាផងដែរ។ លើសពីនេះ កញ្ញា ស៊ីវយី សង្ឃឹមថាយុវជនខ្មែរក៏ដូចជាអ្នកដែលមានសមត្ថភាព ពួកគាត់ នឹងមានភាពក្លាហានក្នុងការប្រឈមមុខលើឆាកអន្តរជាតិ ដើម្បីបានបង្ហាញពីស្នាដៃ និងសមត្ថភាពចំណេះជំនាញរបស់ពួកគាត់ឱ្យពិភពលោកបានឃើញ និងស្គាល់។

ជាចុងក្រោយ ជ័យលាភីលេខមួយនៃកម្មវិធីប្រកួតល្បងប្រាជ្ញារបស់កូរ៉េរូបនេះ បានសំណូមពរទៅដល់យុវជនខ្មែរឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងនិស្សិតខ្មែរគ្រប់ៗរូប ដែលកំពុងសិក្សានៅប្រទេសក្រៅ សូមឱ្យពួកគាត់ខិតខំតស៊ូព្យាយាមក្នុងការសិក្សា ដើម្បីនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនល្អៗ ដែលបានសិក្សាពីប្រទេសក្រៅ មកអភិវឌ្ឍខ្លួនឯង និងសង្គមជាតិមាតុភូមិរបស់ខ្លួនវិញ ព្រោះក្នុងនាមយើងជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ដែលអាចនឹងផ្ដល់ជាអត្តសញ្ញាណ កេរ្តិ៍ឈ្មោះល្អៗ លើកស្ទួយតម្កើងកិត្តិនាមដល់ជាតិខ្មែរ ខណៈពេលដែលយើងបានបញ្ចប់ការសិក្សា រួចត្រឡប់ទៅប្រទេសយើងវិញ។

សូមបញ្ជាក់ថា យុវតី ធន់ រិទ្ធិ ស៊ីវយី មានស្រុកកំណើតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ហើយបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅសាលាអន្តរជាតិអំបិលនិងពន្លឺ (Salt& Light International School) មានទីតាំងនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ កញ្ញា ស៊ីវយី មានអាយុ ២១ឆ្នាំ កំពុងបន្តការសិក្សាឆ្នាំទីពីរ នៅសាកលវិទ្យាល័យ Yonsei University ជំនាញ Material Science Engineering ។ បើមានឱកាស កញ្ញា ស៊ីវយី មានគម្រោងចង់បន្តការសិក្សាយកថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតបន្តទៀត នៅបណ្ដាប្រទេសផ្សេងៗទៀត ក្រោយពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ០៤ឆ្នាំនៅប្រទេសកូរ៉េរួច៕


 កញ្ញា ធន់ រិទ្ធិ ស៊ីវយី ដែលតំណាងឱ្យកម្ពុជា ( រូបភាពដោយ៖ Korea Public Diplomacy )

កញ្ញា​ ស៊ីវយី បង្ហាញពីអារម្មណ៍ពេលដឹងថា ខ្លួនជាប់ជ័យលាភីលេខមួយ 

(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)

រូបភាពដោយ៖ Korea Public Diplomacy 
រូបភាពដោយ៖ Korea Public Diplomacy 
(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
រូបពេលបញ្ចប់ការសិក្សាថ្នាក់ទី១២របស់ខ្លួននៅកម្ពុជា (រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
កញ្ញា ធន់រិទ្ធិ ស៊ីវយី និងមិត្តរួមថ្នាក់នៅវិទ្យាល័យ (រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
គ្រួសាររបស់កញ្ញា ស៊ីវយី (រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
ម៉ាក់ប៉ា និងបងប្អូនបីនាក់ (រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)
មិត្តរួមថ្នាក់របស់កញ្ញា ស៊ីវយី (រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)

 ជ័យលាភីលេខ១ ក្នុងកម្មវិធីទូរទស្សន៍កូរ៉េដ៏ល្បី Quiz on Korea 2020

​​(រូបភាពដោយ៖ កញ្ញា ធន់រិទ្ធិ ស៊ីវយី)

សិស្សចំនួនតែ ១៨នាក់ប៉ុណ្ណោះ ដើម្បីចូលទៅបន្តការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាដំណាក់កាលចុងក្រោយ ( រូបភាពដោយ៖ Korea Public Diplomacy )
រូបភាពដោយ៖ Korea Public Diplomacy 
រូបភាពដោយ៖ Korea Public Diplomacy 
អារម្មណ៍ក្ដុកក្ដួលរបស់អ្នកផ្ទះនៅកម្ពុជាតាមប្រព័ន្ធអនឡាយ ពេលបានដឹងថា កូនបានជាប់ពានរង្វាន់លេខមួយ (រូបភាពដោយ៖ កញ្ញា ធន់ រិទ្ធិ ស៊ីវយី)
(រូបភាពដោយ៖ កញ្ញា ធន់ រិទ្ធិ ស៊ីវយី)
ពេលកញ្ញា ស៊ីវយី ទទួលបានជ័យលាភីលេខ១ ដែលតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីទូរទស្សន៍កូរ៉េដ៏ល្បីមួយឈ្មោះថា Quiz on Korea 2020 
ពានរង្វាន់លេខមួយនេះរបស់កញ្ញា ធន់ រិទ្ធិ ស៊ីវយី ដែលទទួលបានប្រាក់ចំនួន ១០លានវ៉ុន(KRW) 

(រូបភាពដោយ៖ Korea Public Diplomacy)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង