Cct850x100 1

រោងចក្រ១០មានកម្មករ៣ពាន់នាក់សុំព្យួរការងារ ខណៈរោងចក្រជិត២០០អាចប្រឈម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ មានរោងចក្រចំនួន ១០ បានដាក់ពាក្យស្នើសុំព្យួរការងារជាណ្ដោះអាសន្ន ដោយសារតែខ្វះ វត្ថុធាតុដើម ដើម្បីបំពេញតម្រូវការផលិតកម្ម។ចំណែកកម្មករដែលរងផលប៉ះពាល់មានប្រមាណ៣ពាន់នាក់។ នេះបើតាមការអះអាងរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងកំពុងសម្របសម្រួលធ្វើយ៉ាងណាឱ្យថៅកែរោងចក្រទាំងអស់នោះ ដោះស្រាយប្រាក់ខែ និងអត្ថប្រយោជន៍នានាជូនកម្មករដែលត្រូវបានព្យួរស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន ហើយក្រសួងការងារក៏បានរៀបចំចាត់ចែងមន្ត្រី ដើម្បីទៅចុះឈ្មោះកម្មករដែលអត់ការងារធ្វើនោះមកបណ្តោះបណ្តាល ដើម្បីទទួលបានប្រាក់ខែពីរដ្ឋាភិបាល ១២០ដុល្លារផងដែរ។

ជាមួយគ្នានេះ លោក ហេង សួរ ក៏បានព្យាករថា នៅក្នុងខែមីនាខាងមុននេះ អាចនឹងមានរោងចក្រជិត២០០ដែលអាចប្រឈមនឹងការខ្វះវត្ថុធាតុដើម ពីប្រទេសចិន ហើយកម្មករប្រមាណ ១៦ម៉ឺនាក់ អាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំទំនាក់ទំនងជាមួយអ្នកបញ្ជាទិញរោងចក្រ ក៏ដូចជាមួយរដ្ឋាភិបាលចិន ដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលចិនផ្តល់អាទិភាពក្នុងការនាំចេញវត្ថុធាតុដើមចូលមកកម្ពុជាកាន់តែលឿនកាន់តែល្អ។

លោក ហេង សួរ បានទទួលស្គាល់ថា ការរំខាន់នូវសង្វាក់ផលិតកម្មដោយសារតែខ្វះវត្ថុធាតុពីចិននេះ ពិតជាធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅលើពិភាពលោកទាំងមូលតែម្តងមិនថាមានតែប្រទេសកម្ពុជានោះទេ។

គួរជម្រាបជូនថា រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជាកំពុងប្រឈមមុខនឹងការព្យួរការងារកម្មករ ឫបិទទ្វារតែម្តង ដោយសារតែខ្វះវត្ថុធាតុដើម ដើម្បីបន្តសង្វាក់ផលិតកម្មរបស់ខ្លួន។ មូលហេតុនៃការខ្វះវត្ថុធាតុដើមនេះ គឺដោយសារតែរោងចក្រវត្ថុធាតុដើមនៅចិនបានបិទបណ្តោះអាសន្នព្រោះតែការលុកលុយពីមេរោគឆ្លងកូរ៉ូណាថ្មី។

ដើម្បីជួយដល់វិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជាដឹកដោយសម្តេច ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនដើម្បីកម្មករ-និយោជិតដែលបាត់បង់ការងារ និង មិនទាន់អាចរកការងារថ្មីបាន។សម្រាប់រោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម, រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា) ។

ដើម្បីបានទទួលនូវការឧបត្ថមនេះ ក្មួយៗជាកម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី ១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស៕

ពាក្យទាក់ទង: រោងចក្រ កម្មករ
Khcct banner

អត្ថបទទាក់ទង