Yearendyearend1140x150

កម្ពុជាស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(ស្តាំដៃ) និងឯកអគ្គរាជទូរជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ(ឆ្វេងដៃ)

ភ្នំពេញ៖ កម្ពុជានឹងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺក្នុងវិស័យទេសចរណ៍ ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅក្នុងឱកាសបើកសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU SHABU ON-YASAI) សាខាទី២នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីសំណាក់ឯកអគ្គរាជទូរជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ផងដែរ។

ឯកឧត្តម ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អប្រកបដោយកក់ក្តៅចំពោះវិនិយោគិន និងទេសចរជប៉ុន» ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

រីឯ លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ បានកត់សម្គាល់ឃើញថា «ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសគឺរាជធានីភ្នំពេញ»។ លោកក៏បានបន្តថា ជាមួយនឹងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ការពេញនិយមទទួលទានអាហារជប៉ុនក៏មានការកើនឡើងដែរ ក្នុងនោះមានភោជនីយដ្ឋានជប៉ុនប្រមាណ ៣០០កន្លែង កំពុងបើកដំណើរការនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធុរជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ សូមបន្តកិច្ចគាំទ្រ និងយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើនជាលំដាប់។

គួរបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៦.៦លាននាក់ កើនឡើង ៦.៦% ក្នុងនោះទេសចរជប៉ុនចំនួន ២០៧,៦៣៦នាក់ ឈរក្នុងលំដាប់ទី៧ នៃទីផ្សារទេសចរណ៍ទាំង១០។ ប៉ុន្តែកន្លងមកនេះ ការរាតត្បាតជាសកលនៃជំងឺកូវីត១៩ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងគំហុកដល់វិសយទេសចរណ៍ និងធ្វើដំណើរនៅទូទាំងពិភពលោក ក្នុងនោះរួមកម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិស័យទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង