Yearendyearend1140x150

កម្ពុជាមានមហិច្ឆតាចរចា«ពាណិជ្ជកម្មសេរី»ជាមួយមហាអំណាចធំៗដូចអាមេរិក,ចិន,ឥណ្ឌា,ជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅរបស់ខ្លួន ដើម្បីបើកការចរចាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈកម្មវិធីអនុគ្រោះពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA»។

ឯកឧត្តម សុខ សុភ័ក្រ្ត បានគូសបញ្ជាក់ថា គោលនយោបាយរួមរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចង់ចរចាបើកទីផ្សារសេរីជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដោយក្នុងនោះមាន សហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។សម្រាប់ឯកឧត្តម សុខ សុភ័ក្រ្ត ចំពោះកូរ៉េខាងត្បូងបានប្រកាសបើកការចរចាជាផ្លូវការហើយ ហើយការចរចានេះនឹងបញ្ចប់ផ្នែកសំខាន់ៗឱ្យអស់នៅក្នុងឆ្នាំ២០២០នេះ ហើយដើមឆ្នាំ២០២១អាចចុះហត្ថលេខបញ្ចប់ជាស្ថាពរ។

ទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា ឯកឧត្តម សុខ សុភ័ក្រ្ត បានអះអាងថា កំពុងសិក្សាពីផលចំណេញតិច ឬច្រើន ហើយអាចបើកការចរចាជាមួយប្រទេសឥណ្ឌានៅឆ្នាំ២០២១។ ឯកឧត្តម សុខ សុភ័ក្រ្តបន្តថា ក្រោយចរចាបញ្ចប់ជាមួយឥណ្ឌា កម្ពុជាអាចនឹងបើកការចរចាជាមួយ ប្រទេសជប៉ុន អង់គ្លេសបន្ថែមទៀត។

កម្ពុជា និងចិន នៅថ្ងៃទី២០ កក្កដា បានប្រកាសរួមគ្នាបញ្ចប់ការចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»ជាផ្លូវការ ដោយភាគីទាំងពីរសន្យាថានឹងគោរពតាមការសម្រេចដែលបានចុះរួមគ្នានេះ។ សម្រាប់កម្ពុជាអ្នកសេដ្ឋកិច្ចយល់ថានឹងទទួលបានប្រយោជន៍ចំនួន២យ៉ាងពីកិច្ចព្រមព្រៀងនេះ។ ទី១ដែលកម្ពុជានឹងទទួលបាននោះគឺការជំរុញផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីចូលទៅបំពេញតម្រូវការនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ប្រទេសកម្ពុជា។

ទី២ ក្រៅពីការផ្គត់ផ្គង់ផលិតផលកសិកម្ម និងកសិឧស្សាងកម្មរបស់កម្ពុជាទៅចិន កម្ពុជាក៏អាចផលិតជាគ្រឿងបន្លាស់ ឬគ្រឿងបង្គុំផ្សេងៗដែលមិនត្រូវការបច្ចេកវិទ្យាខ្ពស់សម្រាប់នាំចេញទៅចិន និងបណ្តាប្រទេសនានា ខណៈពេលដែលប្រទេសចិន និងបណ្តាប្រទេសមួយចំនួនមានតម្លៃពលកម្មថ្លៃជាងនៅកម្ពុជា។

អ្នកសេដ្ឋកិច្ចរូបនេះ ព្យាករណ៍ថា កម្ពុជាអាចនឹទាក់ទាញការវិនិយោគពីក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេសមួយចំនួន មកវិនិយោគក្នុងការផលិតជាគ្រឿងបន្លាស់នៅកម្ពុជា ហើយកម្ពុជានឹងផ្គត់ផ្គង់សម្ភារៈទាំងនេះទៅទីផ្សារចិន ឬទីផ្សារសកលលោកវិញបាន។ ក្នុងករណីនេះ កម្ពុជានឹងមានការកើនឡើងនូវផលិតភាពការងារក្នុងស្រុក ដែលជាកត្តាមួយជួយឱ្យអត្រាប្រជាជនកម្ពុជាមានការងារធ្វើកាន់តែកើនឡើង នឹងជំរុញឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រតេសជាដៃគូពានិជ្ចកម្មមានការរីកចម្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង