Yearendyearend1140x150

សម្ដេចហ៊ុន សែនចាត់ទុកករណីនាំចូលជំងឺកូវីដ១៩ចំនួន២៦នាក់នៅថ្ងៃនេះជាករណីធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា សម្តេចហ៊ុន សែន ថ្លែងនៅតាកែវ នៅថ្ងៃទី ២១ កក្កដា ឆ្នាំ២០២០។

តាកែវ៖នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២១ កក្កដានេះ បានសម្តែងការតក់ស្លុត បន្ទាប់ពីបានទទួលព័ត៌មានថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញនូវអ្នកវិជ្ជមាននៃជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៦នាក់។ សម្ដេចបានចាត់ទុកករណីនាំចូលជំងឺកូវីដ១៩ នៅថ្ងៃនេះជាករណីធ្ងន់ធ្ងរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី ២១ កក្កដា ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរកឃើញនូវអ្នកវិជ្ជមាននៃជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៦នាក់នៅថ្ងៃនេះ សម្តេចចាត់ទុកករណីនេះថាជាករណីធ្ងន់ធ្ងរ។ សម្តេចបានរំឮកថាកាលពីថ្ងៃទី១៤កក្កដាកន្លងទៅ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៥នាក់។ ចំណែកឯព្រឹកមិញនេះមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមរហូតដល់២៦នាក់ដែលជាចំនួនមួយច្រើនធ្វើឲ្យកម្ពុជាមានអ្នកឆ្លងសរុប១៩៧នាក់ គិតមកត្រឹមថ្ងៃនេះ។

បើតាមសម្តេច ហ៊ុន សែន ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាកាលពីថ្មីនេះ គឺសុទ្ធសឹងតែជាករណីនាំចូលមកពីក្រៅប្រទេស ដូចជានិស្សិតកម្ពុជាដែលសិក្សានៅក្រៅប្រទេសត្រូវត្រឡប់មកប្រទេសវិញ។ កាលពីមុនដោយខ្វះការរៀបចំនៅក្នុងស្រុក រដ្ឋាភិបាលកម្ពុជាមិនទាន់រៀបចំច្បាស់លាស់ ដោយមានការស្នើឲ្យប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ីផ្អាកការធ្វើដំណើរចូលមកកម្ពុជាវិញ ហើយរដ្ឋាភិបាលសុខចិត្តបញ្ជូនថវិការទៅឲ្យស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែក្រោយមករដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសអាចវិញត្រឡប់មកកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី២១កក្កដានេះ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀត (ជាករណីនាំចូល ជាជនជាតិខ្មែរទាំងអស់ ត្រលប់មកពីប្រទេសរស្ស៊ី២១នាក់ និងប្រទេសអេស្ស៊ីប៥នាក់) ដូច្នេះចំនួនសរុបកូវីដ-១៩ កើន១៩៧នាក់ ជាសះស្បើយ៤នាក់ ចំនួនសំរាកនៅពេទ្យ៥៧នាក់ ចំនួនជាសះស្បើយសរុបចំនួន១៤០នាក់ និងស្លាប់គ្មាន។

តែយ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជានឹងប្រឹងប្រែងធ្វើជាបន្តទៀត ទៅតាមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដោយឈរលើឆន្ទះដៃម្ខាងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅជាប់គាំងអស់រយ:ពេលយ៉ាងយូរនៅក្រៅប្រទេស និងដៃម្ខាងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលតម្រូវឲ្យមានការចូលរួម និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការចត្តាឡីស័ក និងវិធានការការពារផ្សេងៗទៀតពីបុគ្គលគ្រប់រូប។

លោកជំទាវបានថ្លែងថា “ទាំងអ្នកដំណើរ ទាំងអ្នកនៅក្នុងប្រទេស យើងខ្មែរដូចខ្មែរ ត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ហើយយើងទាំងអស់គ្នា សូមចូលរួមគាំទ្រ និងអនុវត្តវិធានការការពារឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការចម្លងក្នុងសហគមន៌យើង»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង