Yearendyearend1140x150

ក្រុមហ៊ុន CMA CGM (Cambodia) ចាប់អារម្មណ៍វិនិយោគលើវិស័យកំពង់ផែ និងការដឹកជញ្ជូននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសហការវិនិយោគលើវិស័យកំពង់ផែ ការដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈក្រុមហ៊ុននេះបានកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពង្រីកកិច្ចសហការលើវិស័យភស្ដុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) ដឹកនាំដោយ លោកស្រី Margaux DUSART នាយិកាគ្រប់គ្រងក្រុមហ៊ុនប្រចាំកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនេះ លោកជំទាវ កុយ សុដានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន និងបានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើនដែលក្រសួងបាន និងកំពុងយកចិត្តទុកដាក់អនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងវិស័យភស្ដុភារកម្មឱ្យមានការរីកចម្រើន ជាពិសេសរៀបចំគោលនយោបាយ និងផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។

ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងមួយចំនួនដែលក្រសួងកំពុងអនុវត្តរួមមាន៖ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ដែកនៅកម្ពុជា សកម្មភាពជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពិភាក្សាលើគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពតជាដើម ហើយជាមួយគ្នានេះគណៈប្រតិភូក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសហការវិនិយោគលើវិស័យកំពង់ផែ ការដឹកជញ្ជូន និងវិស័យភស្តុភារកម្មផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវ បានសម្តែងនូវការទទួលស្វាគមន៍ចំពោះគ្រប់គម្រោងវិនិយោគ ដែលក្រុមហ៊ុនមានបំណងសហការជាមួយក្រសួង ដើម្បីចូលរួមចំណែកឱ្យបានខ្លាំងក្លាក្នុងការជំរុញវិស័យដឹកជញ្ជូន និងភស្ដុភារកម្មឱ្យកាន់តែទំនើប និងមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង