Yearendyearend1140x150

ចិនទំនងមិនយកសង្រ្គាម ដើម្បីវាងអន្ទាក់រាយដោយអាម៉េរិកលើតៃវ៉ាន់?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
លោកបៃ ឌិន ប្រធានាធិបតីអាម៉េរិក(ឆ្វេង) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្តាំ)

ភ្នំពេញ៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាម៉េរិក នៅយប់ថ្ងៃទី ២ សីហា បានធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់។ជាទស្សនកិច្ចកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំកន្លងមក។លោកស្រី គឺជាប្រធានរដ្ឋសភាអាម៉េរិកលើកទីមួយដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ រាប់ចាប់តាំងពីឆ្នាំ ១៩៩៧។ដំណើរទស្សនកិច្ចរបស់លោកស្រីប៉េឡូស៊ីពេលនេះ ភាគីចិនបានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និង បានប្រកាសធ្វើសមយុទ្ធហុំព័ទ្ធកោះតៃវ៉ាន់ជាការព្រមាន។ហេតុអ្វីបានជាលោកស្រី ប៉េឡូស៊ី សម្រេចទៅទស្សនកិច្ចនោះតៃវ៉ាន់នៅពេលនេះ? តើអាម៉េរិកមានចេតនារុញចិនឱ្យធ្លាក់ក្នុងសង្គ្រាមដូចរុស្ស៊ីឬ?

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសរបស់កងទ័ពអាកាសអាម៉េរិក ដោយហោះចេញពីម៉ាឡេស៊ី ហើយហោះវាងតំបន់សមុទ្រចិនខាងត្បូងមុននឹងបត់ក្បាលទៅទិសខាងជើង សំដៅទៅចុះចតនៅក្នុងព្រលានយន្តហោះយោធាមួយ នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ជាដំណើរទស្សនកិច្ច ទោះបីជាមានការព្រមានខ្លាំងៗពីសំណាក់ចិនក្តី។

ចូលដល់ទឹកដីកោះតៃវ៉ាន់ភ្លាម លោកស្រី ប៉េឡូស៊ី ចេញសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី នៅពេលនេះ វាបង្ហាញពីការគាំទ្រឥតងាករេរបស់អាម៉េរិកចំពោះតៃវ៉ាន់ តែវាក៏មិនមានអ្វីបញ្ច្រាសទៅនឹងគោលនយោបាយ "ចិនតែមួយ" ព្រោះមិនបានប្រកាសទទួលស្គាល់ឯករាជ្យរបស់តៃវ៉ាន់។

ផ្ទុយទៅវិញ ចិនបានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំង និង បានហៅដំណើរទស្សនកិច្ច លោកស្រី ប៉េឡូស៊ី គឺជាសកម្មភាពញុះញង់ផ្នែកនយោបាយ រុញច្រានឲ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ។សម្រាប់ចិន អាម៉េរិក បានរំលោភលើគោលការណ៍ចិនតែមួយ នឹងព្រមានចាត់វិធានការការពារអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួន។

តើអាម៉េរិកមានចេតនារុញចិនឱ្យធ្លាក់ក្នុងសង្គ្រាមដូចរុស្ស៊ីឬ?

ក្រោយផ្ទុះសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ពិភពលោកចាប់ផ្តើមប្រែប្រួល ទាំងនយោបាយ និងសេដ្ឋកិច្ច។ អាម៉េរិក ជាប្រទេសមហាអំណាចបានស្គាល់នូវអតិផរណានៃតម្លៃទំនិញនានាកំពុងតែកើនឡើងខ្ពស់ខ្លាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈសេដ្ឋកិច្ចប្រទេសមហាអំណាចនេះដើរថយក្រោយ ជាហេតុនាំឱ្យពលរដ្ឋអាម៉េរិកមួយចំនួនរិះគន់រដ្ឋបាលរបស់លោក ចូបៃ ឌិន។ខុសពីចិន ជាអ្នកទទួលបាននូវប្រយោជន៍សេដ្ឋកិច្ចពីសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដោយកំណើនសេដ្ឋកិច្ចនៃប្រទេសយក្យអាស៊ីមួយនេះ ត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថា អាចនឹងវ៉ាដាច់អាម៉េរិកនៅឆ្នាំ២០៣០ដូចការគ្រោងទុក។

ដំណើរទស្សនកិច្ច លោកស្រី ប៉េឡូស៊ី មកកោះតៃវ៉ាន់នេះ ត្រូវបានគេមើលឃើញថា អាចជាការបង្វែរស្ថានភាពផ្ទៃក្នុង ដើម្បីស្ដារប្រជាប្រិយភាពគណបក្សប្រជាធិបតេយ្យ ក្នុងពេលដែលវិបត្តិសង្គមនានានៅអាម៉េរិកកំពុងកើតមាន និង ជាយុទ្ធសាស្ត្របញ្ឆេះបញ្ហារសើបរបស់ចិនឱ្យកាន់តែក្ដៅគគុក រហូតផ្ទុះជាវិបត្តិ ដើម្បីបន្ទន់សមត្ថភាពរបស់ចិន។

បន្ថែមពីនេះ អាម៉េរិក ចង់ផ្ញើសារដល់ដៃគូរបស់ខ្លួនថា អាម៉េរិកដែលនៅតែជាបងធំពិភពលោក នៅតែគិតគូរអំពីសម្ព័ន្ធមិត្តរបស់ខ្លួន និង អាចក្ដាប់ស្ថានការណ៍គ្រប់មុខព្រួញទាំងអស់នៅលើពិភពលោក ហើយ អាម៉េរិកនៅតែជាមហាអំណាចតែមួយគត់ ដែលអាចធានានូវស្ថិរភាព សន្តិសុខ ក៏ដូចជាតុល្យភាពនៅក្នុងតំបន់ និង ពិភពលោកបាន។

ហេតុអ្វីចិនមិនប្រើសង្រ្គាមប្រឆាំងនឹងលោកស្រី ប៉េឡូស៊ី?

ថ្នាក់ដឹកនាំចិនទំនងនឹងគិតថា ការជ្រើសរើសយកផ្លូវសង្គ្រាម ស្នើនឹងចិនកម្ទេចសេដ្ឋកិច្ចរបស់ចិនទាំងមូលដែលខិតខំកសាងតាំងពីសម័យលោក តេង ស៊ាវពីង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន។ដូច្នេះចិនត្រូវការថ្លឹងថ្លែងទៅលើស្ថានការណ៍ដោយប្រុងប្រយ័ត្ន មិនបណ្ដោយឱ្យប្រទេសខ្លួនធ្លាក់ក្នុងសង្គ្រាមយូរអង្វែងនោះទេ។

ប៉ុន្តែក្នុងនាមជាមហាអំណាចពិភពលោកចិនមិនព្រមឱ្យអាម៉េរិកធ្វើអ្វីស្រេចនឹងចិត្តនៅដែនដីដែលចិនបាននោះឡើយ ម្លោះហើយបានជាចិនប្រើប្រាស់រូបភាពសមយុទ្ធហ្វឹកហ្វឺនយោធាទ្រង់ទ្រាយដោយមានយន្តហោះចម្បាំងធុនទំនើបៗរបស់ចិន ជាសារព្រមាន និង ដើម្បីការពារកិត្តិយសខ្លួន។

ចូលកំភ្លេចថា មុនពេលអាម៉េរិកចាក់បញ្ឆេះចំណុចរសើបរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ អាម៉េរិកបានប្រើប្រាស់នយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មជាច្រើនដាក់សម្ពោធទៅលើចិន តែចិនបានប្រើប្រាស់វិធានការឆ្លើយតបកម្រិតខ្ពស់ផ្នែកការទូត និង ប្រតិកម្មតបដោយវិធានការយ៉ាងមានប្រសិទ្ធភាព ចំពោះអាម៉េរិក ហើយបានការពារកំណើរសេដ្ឋកិច្ចរបស់ខ្លួន។

ជារួមមកវិញ បញ្ហាកោះតៃវ៉ាន់ គឺជាបៀរសន្លឹកអាត់របស់អាម៉េរិក ដែលចាក់ចិនឱ្យច្រឡោតនាំឱ្យចិនខាតបង់។បច្ចុប្បន្នចិន មិនហ៊ានប្រថុយប្រថាននោះទេ ដើម្បីការពារសេដ្ឋកិច្ចក្នុងគោលដៅឈរក្នុងលំដាប់ថ្នាក់ទី១ជំនួសអាម៉េរិក។ជាក់ស្តែង ការប្រឈមមុខដាក់គ្នារវាងអាម៉េរិក និង ចិន បានធ្វើឲ្យរំជើបរំជួលទៅដល់ទីផ្សារហិរញ្ញវត្ថុ នៅស្ទើរតែគ្រប់កន្លែង ទាំងនៅអាស៊ី និងនៅអឺរ៉ុបដែលជាក្តីបារម្ភប៉ះពាល់ដល់សេដ្ឋកិច្ចសកលបន្ថែមលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង