Yearendyearend1140x150

ក្រសួងការងារ៖ រដ្ឋាភិបាលកម្ពុជាចាត់ទុកការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សៀមរាប៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព។ លោកជំទាវ មានប្រសាសន៍ដូច្នេះ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យ កសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោកជំទាវ ស៊ើង សរសុចិត្តា បន្តថា ជំនួសមុខ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង តាំងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន ១. ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២. ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣. ការអភិវឌ្ឍន៍មុខរបរ និងការងារ ៤.ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។

៥. ការពង្រឹងអភិបាលកិច្ចល្អ ដោយសំដៅធ្វើឱ្យប្រសើរឡើងនូវការធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការទីផ្សារការងារ រួមទាំងការទទួល បាននូវអត្ថប្រយោជន៍ពី កិច្ចគាំពារសង្គមប្រកបដោយសមភាព និងដោយគ្មានការរើសអើង ដើម្បី ចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។

រូបភាព៖​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងទៀតថា ចំពោះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង វិស័យកសិឧស្សាហកម្ម ដែលត្រូវបានរៀបចំឡើងនៅពេលនេះ មានគោលបំណងចំនួន ៣ គឺ៖១. ផ្តល់ការណែនាំដល់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលសិទ្ធជានគរបាល យុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្មកុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។

២. បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពី មូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និង វិធានការ នានា ដើម្បីប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ៣. ផ្តល់ប្រតិភូកម្មដល់ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធ ត្រួតពិនិត្យ តាមដាន ពលកម្មកុមារនៅកន្លែងរបស់កុមារ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និង នៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។

សូមបញ្ជាក់ថា កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោកអភិបាលរង មន្ត្រីរបស់មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ អជ្ញាធរមូលដ្ឋាន ស្រុក ឃុំ តំណាង ឬម្ចាស់សិប្បកម្ម និងចំការកសិឧស្សាហកម្ម សិស្សានុសិស្សប្រមាណជិត៣០០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង