Cct850x100 1
1800px x h300px kh

អ្នកវិភាគ៖វៀតណាមយកលេសបោះតង់ ដើម្បីប៉ុនប៉ងរំលោភបំពានមកលើកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា

ភ្នំពេញ៖ វៀតណាមបានលួចបោះតង់ដោយឯកតោភាគីចំនួន៣១កន្លែងនៅចំណុចព្រំដែនដែលមិនឯកភាពគ្នាជាមួយនឹងកម្ពុជា។អ្នកវិភាគបានចាត់ទុកសកម្មភាពបោះតង់របស់វៀតណាមជាលេស ដើម្បីប៉ុនប៉ងរំលោភបំពានមកលើកម្ពុជា។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា កំណត់ទូតឆ្លើយតបដែលក្រសួងការបរទេសវៀតណាមបានធ្វើមកកម្ពុជា ចំពោះការបោះតង់នៅតាមព្រំដែនចំនួន៣១កន្លែង គឺមិនអាចទទួលយកបានទេ ហើយវាគ្រាន់តែជាលេសបិទបាំងនូវការប៉ុនប៉ងរំលោភបំពានមកលើកម្ពុជាតែប៉ុណ្ណោះ។

បើតាមលោកបណ្ឌិត អ្វីដែលកម្ពុជាអាចទទួលយកបាន គឺវៀតណាមចាំបាច់ត្រូវតែរុះរើតង់ចេញជាបន្ទាន់ ហើយត្រូវរក្សាសភាពដើមនៃកំណាត់ព្រំដែននៅតំបន់នោះ ដើម្បីឱ្យគណៈកម្មការបច្ចេកទេសនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ធ្វើការចរចារគ្នា ឈានទៅដល់ការបោះបង្គោលព្រំដែននៃប្រែសទាំងពីរឱ្យបានរួចរាល់។សម្រាប់លោកបណ្ឌិត សកម្មភាពរបស់វៀតណាម គឺបានរំលោភសេចក្តីទុកចិត្ត និងបំពានដល់កិច្ចព្រមព្រៀងរួមគ្នាដែលពេលកន្លងមកដូចជា៖សេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា វៀតណាមបានលួចបោះតង់ដោយឯកតោភាគីចំនួន៣១កន្លែងនៅចំណុចព្រំដែនដែលមិនឯកភាពគ្នាជាមួយនឹងកម្ពុជា។កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាម និងស្នើឱ្យវៀតណាមរុះរើតង់ទាំងអស់នោះចេញពីតំបន់មិនទាន់ដោះស្រាយ។បន្ថែមពីនេះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតវៀតណាម មកជួបជូនដំណឹងផងដែរ។

ជាការឆ្លើងតប ក្រសួងការបរទេសវៀតណាម តាមរយៈកំណត់ទូតរបស់ខ្លួនបានអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ បើតាមក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា អាជ្ញាធរវៀតណាមបានសន្យាថានឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។

លោកបណ្ឌិតគិន ភា បានចាត់ទុកកំណត់ទូតតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំពីការបោះតង់របស់វៀតណាមលើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នានេះថា ជាជំហាននៃដំណោះស្រាយដែលសាកសម និងគ្រប់គ្រាន់បំផុតក្នុងនាមជាអ្នកជិតខាងល្អ នៅក្នុងដោះសា្រយបញ្ហាប្រកបដោយឥរិយាបទកាទូត៕


ពាក្យទាក់ទង: ព្រំដែន
Khcct banner

អត្ថបទទាក់ទង